សេចក្តីថ្លែងការណ៍ចេញដោយក្រសួងការពារជាតិកូរ៉េខាងជើង បានឱ្យដឹងថា ខ្លួននឹងស្ដារឡើងវិញនូវវិធានការយោធាទាំងអស់ ដែលខ្លួនបានផ្អាកក្រោមកិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូង ដែលត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយភាពតានតឹងនឹងគ្នានៅតាមព្រំដែន។ ចាប់ពីពេលនេះតទៅ យោធាកូរ៉េខាងជើង នឹងលែងគោរពតាមកិច្ចព្រមព្រៀង ដែលបានចុះថ្ងៃ១៩ ខែកញ្ញា ហើយនឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងប្រភេទយោធាថ្មីៗ និងទំនើបនៅក្នុងតំបន់តាមខ្សែបន្ទាត់ព្រំដែនយោធាជាមួយកូរ៉េខាងត្បូង។
ការប្រកាសដាក់ពង្រាយយោធានេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងថា បានលុបចោលកិច្ចព្រមព្រៀងដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) ហើយថាទីក្រុងសេអ៊ូលនឹងទទួលខុសត្រូវទាំងស្រុងក្នុងករណី ដែលមានការប៉ះទង្គិចគ្នាណាមួយនាពេលខាងមុខនៅឧបទ្វីបកូរ៉េ។ កូរ៉េខាងត្បូងកាលពីថ្ងៃពុធ បានប្រកាសផ្អាកចូលរួមកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះផ្កាយរណបរបស់ទីក្រុងព្យុងយ៉ាង កាលពីពេលថ្មីៗ ហើយថា ខ្លួននឹងបង្កើនសកម្មភាពស៊ើបការណ៍តាមព្រំដែនភ្លាមៗជាមួយកូរ៉េខាងជើង។
តាមការចុះផ្សាយដោយសារព័ត៌មានយ៉ុនហ៉ាប់ កូរ៉េខាងត្បូងកាលពីថ្ងៃពុធ ក្រោយការប្រកាសផ្អាកកិច្ចព្រមព្រៀងបានប្រើប្រាស់ឡើងវិញនូវយន្តហោះឈ្លបយកការណ៍ ដែលគ្មានមនុស្សបើកនៅតំបន់ព្រំដែន។ គួរជម្រាបថា កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ (CMA) រវាងកូរ៉េទាំងពីរត្រូវបានផ្តួចផ្តើមឡើងនៅក្នុងឆ្នាំ២០១៨ រវាងលោក គីម ជុនអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន (Moon Jae-in) ដើម្បីបន្ថូរបន្ថយភាពតានតឹងនៅតាមព្រំដែន។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកម្នាក់បាននិយាយថា ការសម្រេចចិត្តផ្អាករបស់កូរ៉េខាងត្បូងពិតជាត្រឹមត្រូវ ព្រោះកូរ៉េខាងជើងមិនដែលប្រកាន់ភ្ជាប់ការគោរពតាមកិច្ចព្រមព្រៀង CMA ឡើយ។
មែនទែនទៅ ការផ្អាកកិច្ចព្រមព្រៀងជាមួយកូរ៉េខាងជើង គឺជាការតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះផ្កាយរណបកាលពីពេលថ្មីៗ។ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួនដោយជោគជ័យចូលទៅក្នុងគន្លងតារាវិថី។ ការណ៍នេះបានទាញឱ្យមានការថ្កោលទោសជាអន្តរជាតិ ព្រោះវារំលោភទៅលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលរារាំងទីក្រុងព្យុងយ៉ាងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់កម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែ។ ទោះជាយ៉ាងណា ការបាញ់បង្ហោះផ្កាយរណបកាលពីថ្ងៃអង្គារនោះ គឺជាការប៉ុនប៉ងលើកទីបីហើយរបស់កូរ៉េខាងជើងក្នុងឆ្នាំនេះ បន្ទាប់ពីបានបរាជ័យពីរលើកាលពីពេលកន្លងទៅ ហើយត្រូវបានមន្ត្រីយោធាកូរ៉េខាងត្បូង និងអ្នកវិភាគមួយចំនួនយល់ថា ទំនងជាមានការជួយផ្នែកបច្ចេកទេសពីប្រទេសរុស្ស៊ី បន្ទាប់ពីលោក គីម ជុងអ៊ុន បានទៅជួបលោក ពូទីន កាលពីខែកញ្ញា ដើម្បីរឹតចំណងមិត្តភាពប្រទេសទាំងពីរបន្ថែម៕