ប្រាក់ចំណេញ​របស់ Tesla

ក្រុមហ៊ុន Tesla ចំណេញប្រាក់ជាង៤០០លានដុល្លារ កើនទ្វេដងនៅ៣ខែដំបូងឆ្នាំនេះ


ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីយក្សរបស់សហរដ្ឋអាមេរិក គឺ Tesla បានប្រកាសពីប្រាក់ចំណេញរបស់ខ្លួននៅត្រីមាសដំបូងនៃឆ្នាំ២០២១នេះ ដែលមានទឹកប្រាក់ជាង ៤៣៨ លានដុល្លារអាមេរិក កើនឡើងជាងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែមានការលក់រថយន្ដកើនឡើងដល់ទៅប្រមាណជាង ១៨ម៉ឺនគ្រឿង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
(រូបតំណាង) ឥណ្ឌូនេស៊ីទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនយក្សTesla របស់អាមេរិក
ដោយ

ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុន Tesla នៅត្រីមាសដំបូងឆ្នាំនេះ ក៏មានការកើនឡើងដល់ទៅ ១ពាន់លានដុល្លារអាមេរិកផងដែរ នេះមិនទាន់បូកបញ្ចូលនូវសំណងភាគហ៊ុននោះទេ ហើយវាគឺជាប្រាក់ចំណូលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននេះ។

ទោះយ៉ាងណា ការប្រកាសពីការកើនឡើងនូវប្រាក់ចំណូល និងចំណេញរបស់ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីមួយនេះ គឺធ្វើឡើងនៅចំពេលដែលក្រុមហ៊ុនកំពុងមានរឿងអាស្រូវមួយចំនួនទាក់ទងនឹងបុរសពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍បើកបររថយន្ដ Tesla ធ្លាក់ចេញពីគន្លងផ្លូវ ជ្រុលទៅបុកនឹងដើមឈើ។ បញ្ហាមួយទៀត ដែល Tesla កំពុងប្រឈមនោះ គឺមានការផ្ទុះការរិះគន់ខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសចិន ខណៈដែលអាជ្ញាធរចិនក៏កំពុងតែតាមរឹតត្បិតក្រុមហ៊ុននេះ កាន់តែខ្លាំងផងដែរ ដោយសារបារម្ភពីបញ្ហាសន្ដិសុខជាតិ។

ជាក់ស្ដែង ចិនបានហាមផ្ដាច់យោធារបស់ខ្លួន មិនឲ្យប្រើប្រាស់រថយន្តផលិតដោយក្រុមហ៊ុន Tesla នោះទេ ហើយរថយន្ដនេះ ក៏មិនត្រូវអនុញ្ញាតឲ្យបើកចូលកន្លែងយោធាផងដែរ ព្រោះតែចិនខ្លាចកាមេរ៉ាក្នុងរថយន្ដនេះ នឹងអាចលួចថតយកព័ត៌មានសម្ងាត់ៗនានា។ ទោះយ៉ាងណា ក្រុមហ៊ុន Tesla នាពេលកន្លងទៅ ក៏បានចេញមុខអះអាងថា កាមេរ៉ាដែលមានបំពាក់នៅជាមួយរថយន្ដនោះ គឺបើកដំណើរការតែនៅអាមេរិកប៉ុណ្ណោះ ហើយនៅចិនគឺវាមិនដំណើរការនោះទេ។

កាលពីឆ្នាំមុន Tesla បានបញ្ចេញលក់រថយន្ដជិត ៥០ម៉ឺនគ្រឿង ទៅកាន់អតិថិជននៅទូទាំងសកលលោក ហើយនៅឆ្នាំ២០២១នេះរំពឹងថានឹងកើនឡើង ៥០%។ បើទោះបីជាក្រុមហ៊ុននេះ មិនបានកំណត់ច្បាស់លាស់ពីគោលដៅជាក់លាក់ក៏ដោយ ប៉ុន្ដែ សម្រាប់ទីផ្សារក្រៅប្រទេសរបស់ Tesla គឺប្រទេសចិន ជាទីផ្សារធំមួយសម្រាប់ក្រុមហ៊ុននេះ។

ទោះយ៉ាងណា ក្រុមអ្នកវិភាគបាននិយាយថា ការលក់រថយន្ដបានជាង១៨ម៉ឺនគ្រឿងរបស់ Tesla នៅត្រីមាសទី១កើនឡើងក៏ពិតមែន តែក្រុមហ៊ុននេះ នៅតែមានកម្សោយនៃការចែកចាយ។ ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ក៏កំពុងប្រឈមនឹងបញ្ហាកង្វះបន្ទះឈីបជាសកល ដែលធ្វើឲ្យក្រុមហ៊ុនមានការថមថយចុះទិន្នផលផលិតផងដែរ។ ជាក់ស្ដែង កាលពីខែកុម្ភៈកន្លងទៅ មានរោងចក្រមួយចំនួននៅអាមេរិក បានផ្អាកផលិតកម្មបណ្ដោះអាសន្នដោយសារតែបញ្ហាកង្វះគ្រឿងបង្គុំសម្រាប់បម្រើដល់ការផលិតរថយន្ដនេះ។

Tesla កំពុងមានបំណងបង្កើតរោងចក្រផលិតរថយន្ដចំនួន២បន្ថែមទៀតនៅក្នុងឆ្នាំ២០២១នេះ ដោយមួយមាននៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក និងមួយទៀតនៅក្រៅទីក្រុងប៊ែរឡាំងនៃ ប្រទេសអាល្លឺម៉ង់ ហើយរោងចក្រនេះ គឺជារោងចក្រទី១មួយ របស់Tesla ដែលមាននៅអឺរ៉ុប៕

None



អត្ថបទបន្ទាប់


សេដ្ឋកិច្ចកូរ៉េខាងត្បូងស្ទុះងើបឡើងខ្លាំងនៅត្រីមាសទី១នេះ, តើមានកត្តាអ្វីនៅពីក្រោយ?

សេដ្ឋកិច្ចប្រទេសកូរ៉េខាងត្បូងបានស្ទុះងើបឡើងវិញខ្លាំងដល់កម្រិតមួយដូចកាលពីមុនពេលមានរោគរាតត្បាតកូវីដ-១៩ បន្ទាប់ពីសេដ្ឋកិច្ចប្រទេសនេះ បានហក់…

កូរ៉េខាងជើងកំពុងប្រឈមនឹងការធ្លាក់ចូលគ្រោះទុរ្ភិក្ស ដោយសារតែទណ្ឌកម្ម និងកង្វះស្បៀងអាហារ

ក្រុមអ្នកវិភាគអន្តរជាតិបានចេញមកព្រមានចំៗថា កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង ដោយសារតែការដាក់ទណ្ឌកម្មពីប្រទេសមហាអំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ