អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ គឺលោក Thaworn Senneam បានថ្លែងប្រាប់សារព័ត៌មានបាងកកប៉ុស្ដិ៍ថា លោកបានអញ្ជើញ ការិយាល័យសវនកម្មរដ្ឋថៃ ដើម្បីចូលរួមការសើបអង្កេតរបស់ក្រសួង ទៅលើកត្តាមួយចំនួន ដែលថា បានធ្វើឲ្យមានការកើនឡើងការខាតបង់រហូតដល់ទៅ ៦,៨ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង២២០ លានដុល្លារអាមេរិក របស់ក្រុមហ៊ុនអាកាសចរណ៍Thai Airway នៅពាក់កណ្ដាលឆ្នាំ២០១៩នេះ។
លោក Thaworn និយាយយ៉ាងដូច្នេះ «ក្រសួងនឹងរងចាំមើលពីការបញ្ចេញរបាយការណ៍ពីសំណាក់ការិយាល័យសវនកម្មរដ្ឋ មុនពេលយើងដាក់ចេញនូវអនុសាសន៍សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ដើម្បីធ្វើតាម»។
មន្ត្រីជាន់ខ្ពស់ក្រសួងដឹកជញ្ជូនរូបនេះ បានបញ្ជាក់ទៀតថា លោកក៏មានគម្រោងទៅជួបជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដើម្បីពិនិត្យមើលនូវអ្វីដែលអាចធ្វើបាន សម្រាប់ទប់ស្កាត់ការខាតបង់ និងបង្កើនប្រសិទ្ធភាពឡើងវិញ។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍នៅត្រីមាសទី២ ឆ្នាំ២០១៩នេះ របស់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airway បង្ហាញថា មានការខាតបង់ប្រាក់ចំណូលច្រើនជាង ទ្វេដង។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា បញ្ហាព្យុះភ្លៀង ដែលបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលរបស់ក្រុមហ៊ុន គឺដោយសារតែសេដ្ឋកិច្ចពិភពលោកថយចុះ ទីផ្សារមានការប្រកួត ប្រជែងខ្លាំង និងការឡើងថ្លៃនៃប្រាក់បាតថៃ។
បើតាមការបញ្ជាក់របស់លោក Thaworn រដ្ឋថៃ មានភាគហ៊ុន ជាង៥០% នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway នេះ ដូច្នេះ ការស្ដានីតិសម្បទាររបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺជារឿងទាំងវិស័យរដ្ឋ និងឯកជន។ ម្យ៉ាងទៀត ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានរាយការណ៍ពីការខាតបង់ជាបន្តបន្ទាប់ ដូច្នេះ មានការជាប់ពាក់ព័ន្ធគ្នាច្រើន។
ប្រភពពីក្រសួងដឹកជញ្ជូនថៃ បានបង្ហើបឲ្យដឹងដែរថា របាយការណ៍ថ្មីស្ដីពីអភិបាលកិច្ចល្អ ដែលដាក់ជូនដោយបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុន អាកាសចរណ៍ថៃនេះ បានបង្ហាញថា មានបុគ្គលិក ជាង២០០ នាក់ ដែលត្រូវបានស្ទង់មតិ បានជឿថា ក្រុមហ៊ុនដឹកជញ្ជូនជាតិថៃមួយនេះ មិនមានការគ្រប់គ្រងប្រកបដោយតម្លាភាពនោះទេ។
ការសិក្សានេះ ក៏បានរកឃើញភ័ស្ដុតាង នៃអំពីពុករលួយនៅក្នុងការរកស៊ីខាងក្រៅរបស់ក្រុមហ៊ុននេះផងដែរ។ ជាមួយគ្នានេះ មុនសរសេរបញ្ចូលរបាយការណ៍ គេបានរកឃើញថា ក្រុមហ៊ុននេះ ក៏បានមានការចំណាយខាងក្រៅទៅលើបុគ្គលិកក្រៅផ្លូវការប្រមាណ៣០% ច្រើនជាងបុគ្គលិកផ្ទាល់របស់ក្រុមហ៊ុនទៅទៀត៕