ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ត្រូវបានគេដឹងថា មានយន្តហោះប្រភេទ Airbus A330-300 នេះចំនួន ១៥ គ្រឿង ប៉ុន្តែយន្ដហោះប្រភេទធុនធំទាំងនេះ ត្រូវបានបញ្ឈប់ការហោះហើរដោយសារតែតម្រូវការធ្វើដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះចំពេលមានជំងឺរាតត្បាតកូវីដ-១៩។
ក្រុមហ៊ុនអាកាសចរណ៍ថៃមួយនេះ បានដាក់លក់យន្តហោះរបស់ខ្លួន ចំនួន ៣៤ គ្រឿងហើយ ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុន រួមទាំងប្រភេទយន្ដហោះ ប៊ូអ៊ីង 747-400 ចំនួន ១០ គ្រឿង, ប៊ូអ៊ីង 777-200 ចំនួន ៦ គ្រឿង និងប៊ូអ៊ីង 777-300 ចំនួន ៦ គ្រឿង ព្រមទាំង យន្តហោះផ្សេងទៀតចំនួន ១២ គ្រឿង។
គួរកត់សម្គាល់ថា នាយកឯករាជ្យរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ គឺលោក ភីយ៉ាសវ៉ាសធី អាំរ៉ានណាន់ (Piyasvasti Ararannand) ដែលជាអ្នកគ្រប់គ្រងគម្រោងស្តារនីតិសម្បទារបស់ក្រុមហ៊ុនអាកាសចរណ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុនថៃអាចលក់ យន្តហោះប៊ូអ៊ីង ៧៤៧ ចំនួន ១០ គ្រឿងបន្ថែមទៀត ប្រសិនបើមានការយល់ព្រមពីក្រសួងដឹកជញ្ជូន។
ទោះយ៉ាងណា រដ្ឋមន្ត្រីដឹកជញ្ជូន លោក សាក់សាយ៉ាំ ឈីដចប បាននិយាយថា ក្រសួងមិនបានទទួលសំណើណាមួយឡើយ។
សូមជម្រាបថា ក្រុមហ៊ុន Thai Airways បានផុងខ្លួនចូលក្នុងអន្ទាក់បំណុលយ៉ាងជ្រៅ ចាប់តាំងពីឆ្នាំ ២០១២មក ជាពិសេសក្នុងឆ្នាំ ២០២០ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែប្រតិបត្តិការអាជីវកម្ម និងប្រាក់ចំណូលធ្លាក់ចុះខ្លាំង។
តែយ៉ាងណាក៏ដោយ ក្រុមហ៊ុននេះ អាចបន្តដង្ហើមអាជីវកម្មរស់ឡើងវិញ ក្រោយតុលាការក្ស័យធន់របស់ថៃអនុញ្ញាត និងយល់ព្រមលើរចនាសម្ព័ន្ធផែនការ ដើម្បីស្ដារអាជីវកម្មរបស់ក្រុមហ៊ុន Thai Airways ឡើងវិញ៕
អត្ថបទ៖ ស៊ើង និមល់