ការតម្រូវឲ្យមានការកាត់បន្ថយអត្រាការប្រាក់នេះ គឺត្រូវបានគេដឹងថា ធ្វើឡើងស្របទៅតាមគោលនយោបាយ ដើម្បីជួយដល់សហគ្រាសខ្នាតតូច និងមធ្យម ក្នុងការបង្កើននូវភាពប្រកួតប្រជែង ក៏ដូចជាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចថៃផងដែរ។
ធនាគារពាណិជ្ជធំៗដែលបានចាប់ផ្ដើមអនុវត្តកាត់បន្ថយអត្រាការប្រាក់កម្ចីតាមការប្រកាសរបស់ធនាគារកណ្ដាលថៃនោះមានដូចជា ធនាគារកសិកន ធនាគារក្រុងស្រ៊ី ធនាគារបាំងកក និងធនាគាស្យ៉ាមពាណិជ្ជ។ ធនាគារទាំង៤ នេះត្រូវបានគេដឹងថា គឺជាធនាគារធំជាងគេបំផុតនៅប្រទេសថៃ ដោយបានចាប់ផ្ដើមអនុវត្តកាត់បន្ថយអត្រាការប្រាក់កម្ចីប្រភេទ អត្រាកម្ចីរាយ ឬហៅថា MRR ០,២៥% ចាប់ពីថ្ងៃទី ១៥ សីហានេះ តទៅ។
ក្រៅពីធនាគារទាំង៤ខាងលើនេះ ធនាគារលំនៅដ្ឋានរដ្ឋាភិបាល GHB ដែលគ្រប់គ្រងដោយរដ្ឋថៃ ក៏បានប្រកាសថា នឹងកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ខ្លួន ប្រមាណ ០,១២៥ ភាគរយផងដែរ ដោយនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១៦ ខែសីហានេះតទៅ។
បន្ទាប់ពីមានការកាត់បន្ថយអត្រាការប្រាក់កម្ចីរួចមកឃើញថា អត្រាការប្រាក់របស់ធនាគារទាំងនោះ បានថយចុះពី៧,១២% មកនៅតែ ៦,២៥% ទៅ ៦,៨៧% ប៉ុណ្ណោះក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ការផ្លាស់ប្តូនូវអត្រាការប្រាក់របស់ធនាគារធំៗរបស់ថៃនេះ គឺធ្វើឡើងស្របទៅនឹងសេចក្ដីសម្រេចរបស់ធនាគារកណ្ដាល កាលពីថ្ងៃទី ៧ សីហាកន្លងទៅថ្មីៗនេះ។
លោក Predee Daochai ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កសិកន ថៃ បានប្រាប់សារព័ត៌មានក្នុងស្រុកថា គោលបំណង នេះនៃការកាត់បន្ថយអត្រាការប្រាក់កម្ចីនេះ គឺដើម្បីបន្ធូរបន្ថយបន្ទុកដល់សហគ្រាសធុនតូច និងមធ្យម និងអតិថិជនរាយរបស់ខ្លួន។
តួយ៉ាង បន្ទាប់ពី មានការកាត់បន្ថយអត្រាការប្រាក់ ០,២៥% រួចមកឃើញថា អត្រាការប្រាក់កម្ចីរបស់ធនាគារកសិកនថៃ បានថយចុះពី ៧,១២% មកនៅត្រឹម៦,៨៧%វិញ៕