ក្នុងផែនការនេះ សិស្សម្នាក់ៗទទួលបានថវិកាចំនួន ២,០០០ បាត ឬស្មើនឹង៦០ដុល្លារអាមេរិក ដើម្បីសម្រួលបន្ទុកចំណាយលើការសិក្សារបស់ពួកគេ។
រដ្ឋមន្ត្រីក្រសួងអប់រំរបស់ថៃ លោកស្រី ទ្រីណុច ធៀនថុង (Treenuch Thienthong) បាននិយាយថ្មីៗនេះថា ចំពោះវិធានការឧបត្ថម្ភធនដល់អាណាព្យាបាលសិស្សានុសិស្សនេះ ត្រូវបានស្នើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ ប្រាយុត ចាន់អូចា ហើយនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីសម្រាប់ការអនុម័តនៅក្នុងសប្ដាហ៍នេះ។ កញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភធនដល់សិស្សសាលានេះ គឺនឹងជួយសម្រាលបន្ទុកចំណាយដល់ឪពុកម្ដាយរបស់សិស្សនៅអំឡុងមេរោគរាតត្បាតកូវីដ-១៩ ហើយការឧបត្ថម្ភធននេះ នឹងអាចចំណាយទៅលើថ្លៃការសិក្សា ការថែទាំ ថ្លៃអ៊ីនធើណែត និង អគ្គិសនីជាដើម។
រដ្ឋមន្ត្រីក្រសួងអប់រំថៃរូបនេះ អះអាងទៀតថា ចំពោះសាលារៀនរដ្ឋបានប្រគល់ថវិកាចំណាយថែទាំ និង ការចំណាយផ្សេងៗជូនដល់ឪពុកម្តាយសិស្សរួចហើយ ខណៈសាលាឯកជនដែលមានទំនាក់ទំនងជាមួយការិយាល័យគណៈកម្មាធិការអប់រំឯកជនក៏បានប្រគល់ថ្លៃចំណាយមួយចំនួនមកឲ្យឪពុកម្ដាយសិស្សដូចគ្នា ដោយមានទឹកប្រាក់សរុបចំនួនប្រមាណជិត ៧០លានដុល្លារ។
ជាមួយគ្នានេះដែរ ក្រសួងអប់រំថៃ ក៏ស្នើឲ្យសាលាឯកជន និង សាលាអន្តរជាតិផ្សេងៗ គួរពិចារណាកាត់បន្ថយថ្លៃសិក្សារបស់សិស្សានុសិស្ស និង ស្នើរឱ្យមានបង្កើតមជ្ឈមណ្ឌលសម្របសម្រួលដើម្បីជួយធ្វើការសម្រួលលើការចំណាយរបស់អាណាព្យបាលសិស្សផងដែរ៕
អត្ថបទ៖ ស៊ើង និមល់