ការទទួលបានភ្លើងខៀវនាំចេញសាច់មាន់ទៅកាន់អារ៉ាប់ប៊ីសាអូឌីតនេះ គឺធ្វើឡើងបន្ទាប់ពីប្រទេសទាំងពីរមានការស្តារឡើងវិញនូវទំនាក់ទំនងការទូតពេញលេញ ក្រោយពីជួបបញ្ហារកាំរកូសមកអស់រយៈពេល៣០ឆ្នាំមកនេះ។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
ការនាំចូលសាច់មាន់ពីប្រទេសថៃអាចជួយប្រជាជាតិឈូងសមុទ្រពែក្សគឺអារ៉ាប៊ីសាអូឌីត អាចទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់ ខណៈដែលប្រទេសនេះ កំពុងរងការរំខានខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដ្បិតថាប្រទេសដែលកំពុងប្រយុទ្ធបង្ហូរឈាមគ្នាទាំងពីរនេះ គឺជាអ្នកនាំចេញសាច់មាន់ដ៏ធំមួយរបស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
មែនទែនទៅ ទីក្រុងបាងកក និងទីក្រុងរីយ៉ាដ គឺទើបតែបានបង្កើតទំនាក់ទំនងការទូតពេញលេញឡើងវិញនៅក្នុងខែមករាដើមឆ្នាំនេះប៉ុណ្ណោះ ខណៈកាលពីជាង៣០ឆ្នាំមុន ទំនាក់ទំនងប្រទេសទាំងពី គឺមានភាពល្អក់កករយ៉ាងខ្លាំង ដោយសារតែមានករណី មានការលួចគ្រឿងអលង្ការតម្លៃរាប់លានដុល្លារពីរាជវាំងរបស់ស្តេចអារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ ១៩៨៩ ដោយកម្មករជនជាតិថៃ។ ករណីនេះ បានធ្វើឲ្យប្រទេសអារ៉ាប៊ីសាអូឌីត មានការខឹងសម្បារជាខ្លាំង ហើយបានប្រកាសផ្តាច់ទំនាក់ទំនងការទូតជាមួយថៃទាំងស្រុង។ យ៉ាងណាម៉េញនាពេលថ្មីៗនេះ ទំនាក់ទំនងប្រទេសទាំងពីរត្រូវបានមកពេញលេញឡើងវិញហើយ និងមានការបើកឲ្យមានការដោះដូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងគ្នាផងដែរ។
គួរកត់សម្គាល់ថា រោងចក្រកែច្នៃសាច់មាន់ចំនួន ១១ នៅក្នុងប្រទេសថៃ ក្នុងនោះ មាន៥រោងចក្រដែលជារបស់ក្រុមហ៊ុន CP Foods បានទទួលវិញ្ញាបនប័ត្របញ្ចាក់គុណភាព ហាលឡាល ពីអាជ្ញាធរចំណីអាហារ និងឱសថអារ៉ាប៊ីសាអូឌីតកាលពីចុងសប្ដាហ៍មុននេះ។
នាយកប្រតិបត្តិក្រុមហ៊ុន CP Foods លោក ប្រាសិត ប៊ូនឌួងប្រសឺត (Prasit Boondoungprasert) បានអះអាងថា ការចាប់ផ្តើមឡើងវិញនៃការនាំចេញឡើងវិញទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមានតម្រូវការនាំចូលសាច់មាន់ជិត ៦ សែនក្នុងមួយឆ្នាំនោះ វានឹងក្លាយជាឪកាសទីផ្សារដ៏សំខាន់សម្រាប់អ្នកនាំចេញរបស់ប្រទេសថៃ។
គួររំឭកថា អារ៉ាប់ប៊ីសាអូឌីត បានបិទខ្ទប់ការនាំចូលសាច់មាន់ពីប្រទេសថៃ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ក្រោមហេតុផលបារម្ភពីការរាលដាលនៃជំងឺផ្ដាសាយបក្សី។
ក៏ប៉ុន្ដែ នៅចំពេលដែល ស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន គួបផ្សំនឹងមានការតភ្ជាប់ការទូតឡើងវិញជាមួយថៃផងនោះ អារ៉ាប់ប៊ីសាអូឌីត បានមើលឃើញពីសក្ដានុពលរបស់ថៃកាន់តែខ្លាំងក្នុងការដោះដូរពាណិជ្ជកម្ម។
សូមបញ្ជាក់ថា គួអារ៉ាប៊ីសាអូឌីត បានពឹងផ្អែកលើអ៊ុយក្រែន និងបារាំងប្រហែល ៣០% នៃការនាំចូលសាច់មាន់សរុប ខណៈដែលការនាំចូលពីប្រស៊ីលវិញ មានដល់ទៅ ៧០% ឯណោះ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន