បើតាមរដ្ឋបាលចំណីអាហារ និងឱសថថៃ បានឲ្យដឹងថា កញ្ឆានឹងត្រូវដកចេញពីបញ្ជីឈ្មោះគ្រឿងញៀនប្រភេទទី៥ ចាប់ពីថ្ងៃទី៩ខែមិថុនាតទៅហើយ ពោលគឺមានន័យថា ពលរដ្ឋថៃអាចដាំ និងលក់ដូរកញ្ឆាបានដោយស្របច្បាប់ ប៉ុន្ដែ វាក៏មានលក្ខខណ្ឌច្បាប់តម្រូវមួយចំនួនផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។
បើតាមរដ្ឋបាលចំណីអាហារនិងឱសថនៅប្រទេសថៃបានឱ្យដឹងថ្មីៗនេះ ចាប់ពីថ្ងៃទី ៩មិថុនាតទៅ ការដាំដុះ និងលក់កញ្ឆានឹងត្រូវអនុញ្ញាតស្របច្បាប់ ហើយដើម្បីដំណើរការអាជីវកម្មទាក់ទងនឹងកញ្ឆាស្របច្បាប់ក្នុងប្រទេសថៃបាន ក្រុមអ្នកដាំដុះដើមកញ្ឆាអាចចុះឈ្មោះបានយ៉ាងងាយស្រួលតាមរយៈកម្មវិធីទូរស័ព្ទ Pluk Kan របស់រដ្ឋ។
ការអនុញ្ញាតឲ្យមានការដាំ និងធ្វើអាជីវកម្មកញ្ឆាស្របច្បាប់នេះ បានធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានការលុបចោលទោសព្រហ្មទណ្ឌចំពោះការប្រើប្រាស់រុក្ខជាតិគ្រឿងញៀនមួយប្រភេទនេះ ហើយវាក៏បានធ្វើឲ្យក្រុមឈ្មួញធំៗចាប់អារម្មណ៍ពីការវិនិយោគលើដំណាំនេះផងដែរ។ មែនទែន កញ្ឆាគេច្រើនស្គាល់វាថា ជាគ្រឿងញៀនម្យ៉ាង ហើយប្រទេសនេះជាច្រើនមិនអនុញ្ញាតឲ្យដាំដុះ ឬប្រើប្រាស់នោះទេ ក៏ប៉ុន្ដែ គេអាចយកមកប្រើប្រាស់ទៅតាមកម្រិត ដើម្បីកែច្នៃធ្វើជាឱសថ និងបន្ថែមលើផលិតផលចំណីអាហារ និងភេសជ្ជៈផងដែរ ហើយតាមច្បាប់ថ្មីរបស់ថៃ ក៏បានកំណត់ដែរថា ការលក់ដូរកញ្ឆានេះ គឺត្រូវមានអាជ្ញាបណ្ណអនុញ្ញាតពីអាជ្ញាធរជាមុនសិនទើបអាចដាំ និងជួញដូរបាន។
ក្រុមហ៊ុន Charoen Pokphand Foods (CPF) ដែលជាក្រុមហ៊ុនលក់អាហារ និងភេសជ្ជៈ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំ CP Group នៅប្រទេសថៃ បានបង្កើតការបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ Gunkul Engineering ដើម្បីផលិតអាហារ និងភេសជ្ជៈដែលបញ្ចូលសារធាតុញៀនកម្រិតស្រាលខានណាប៊ីយ៉ូល (Cannabidiol) ឬហៅថា CBD។ ការបណ្ដាក់ទុនរួមគ្នានេះនឹងវិនិយោគលើការដាំដុះដំណាំកញ្ឆា និងទាញយកសារធាតុញៀន CBD ជាការបន្ថែមទៅលើម្ហូបអាហារ និងភេសជ្ជៈ។ ផលិតផលនេះត្រូវបានរំពឹងថា នឹងលក់តាមរយៈបណ្តាញលក់រាយរបស់ក្រុមហ៊ុន CPF។
លោក Prasit Boondoungprasert នាយកប្រតិបត្តិក្រុមហ៊ុន CPF បាននិយាយថា ក្រុមហ៊ុនCPF ចាប់អារម្មណ៍លើដំណាំកញ្ឆាជាដំណាំសេដ្ឋកិច្ចថ្មីមួយ ដែលអាចប្រែក្លាយទៅជាអាហារ និងភេសជ្ជៈកាន់តែមានតម្លៃ ជាមួយតម្រូវការកើនឡើងទាំងក្នុងស្រុក និងក្រៅស្រុក។ លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Gunkul នេះនឹងនាំទៅដល់ការរីកចម្រើនផ្នែកកញ្ឆាក្រោមការអភិវឌ្ឍផលិតផលនេះ។
ក្រុមហ៊ុន Saha Pathana Inter-Holding ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនផលិតផលប្រើប្រាស់ Saha Group នោះនឹងវិនិយោគរួមគ្នាជាង១០លានដុល្លារជាមួយក្រុមហ៊ុន United Power of Asia និងក្រុមហ៊ុន Golden Triangle Group ដើម្បីដាំដុះកញ្ឆានៅភាគខាងជើងនៃខេត្តឈាងរ៉ៃប្រទេសថៃ។ ក្រុមហ៊ុនទាំងនេះសម្លឹងឃើញការទាញយកសារសំខាន់នៃរោងចក្រកែច្នៃកញ្ឆា ហើយលក់ទៅឱ្យអតិថិជនដែលជាអ្នកផលិតថ្នាំពេទ្យ អាហារ និងភេសជ្ជៈ។
តម្លៃទីផ្សារនៃអាជីវកម្មទាក់ទងនឹងកញ្ឆាត្រូវបានប៉ាន់ប្រមាណថា មានប្រមាណជាង១ពាន់លានដុល្លារ ហើយត្រូវបានគេរំពឹងថា នឹងកើនឡើងដល់២ពាន់លានដុល្លារនៅឆ្នាំ ២០២៤។ នេះបើយោងតាមសមាគមពាណិជ្ជកម្មឧស្សាហកម្មកញ្ឆានៅប្រទេសថៃ។ ហើយបើតាមរបាយការណ៍បោះពុម្ពផ្សាយស្ដីពីពាណិជ្ជកម្មរបស់ស្ថាប័ន Global Cannabis Report បាននិយាយថា ទីផ្សារកញ្ឆាស្របច្បាប់នាពេលបច្ចុប្បន្នមានតម្លៃ ១០០ ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក។
ប្រទេសថៃបានបោះជំហានដំបូងគេឆ្ពោះទៅរកការលុបចោល ឬបន្ថយទោសចំពោះការប្រើកញ្ឆានៅឆ្នាំ២០១៩ ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យដាំ និងប្រើសម្រាប់ផ្នែកវេជ្ជសាស្ត្រ ហើយកាលពីឆ្នាំមុន រដ្ឋាភិបាលបានអនុម័តការប្រើប្រាស់សម្រាប់ជាសារធាតុបន្ថែមលើចំណីអាហារ និងភេសជ្ជៈផងដែរ៕
អត្ថបទ៖ សុខ ជា