សន្ទុះកំណើនសេដ្ឋកិច្ចថៃនឹងទទួលបានការជំរុញយ៉ាងខ្លាំងនៅឆ្នាំ ២០២៣ និងអាចឈានទៅសម្រេចបានកំណើន ដូចកាលពីមុនពេលមិនទាន់រាតត្បាតកូវីដ១៩ឡើងវិញ ពោលគឺ នៅឆ្នាំ២០២៣ សេដ្ឋកិច្ចថៃ រំពឹងស្ទុះកើនក្នុងកម្រិតពេញលេញឡើងវិញ បន្ទាប់ពីការបើកប្រទេសឡើងវិញ ជាពិសេស វិស័យទេសចរណ៍ ដែលនឹងគាំទ្រដល់សន្ទុះងើបឡើង នៃសេដ្ឋកិច្ច។
យ៉ាងណាមិញ ក្រៅតែពីវិស័យទេសចរណ៍ ក៏មានវិស័យផ្សេងទៀតដូចជា ការវិនិយោគឯកជន និងការប្រើប្រាស់ក្នុងស្រុកក៏ជាផ្នែកមួយជួយស្តារសេដ្ឋកិច្ចឡើងវិញផងដែរ ដោយរដ្ឋាភិបាលថៃនឹងបង្កើនទំនុកចិត្តដល់អ្នកប្រើប្រាស់ ដើម្បីលើកទឹកចិត្តការចំណាយរបស់ពួកគេ។
សម្រាប់ឆ្នាំ២០២២ សេដ្ឋកិច្ចថៃ ត្រូវបានគេចាត់ទុកថា ជាការចាប់ផ្តើមនៃការស្ទុះងើបឡើងវិញក្រោយវិបត្តិកូវី១៩ប៉ុណ្ណោះ មិនទាន់ស្ទុះងើបឡើងបានពេញនៅឡើយទេ តាមអ្វីដែលរដ្ឋាភិបាលថៃបានព្យាករថា សេដ្ឋកិច្ចប្រទេសនេះ នឹងកើនឡើង ៤% នៅឆ្នាំក្រោយនេះ។
យ៉ាងណាក៏ដោយចុះ ធនាគារ SCB EIC របស់ថៃ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ខ្លួនពី ៣,៤% មកនូវត្រឹម ៣,២% វិញ ក្រោយលេចចេញនូវមេរោគបំប្លែងថ្មី អូមីក្រុង ដែលត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងពន្យារពេលការងើបឡើងវិញនៃវិស័យទេសចរណ៍របស់ប្រទេសថៃរហូតដល់នៅដើមឆ្នាំក្រោយផងដែរ។
ដោយឡែក ចំពោះក្រសួងសេដ្ឋកិច្ចថៃវិញ ការពង្រីកសេដ្ឋកិច្ចនៅឆ្នាំ ២០២២ ខាងមុខនេះ នឹងត្រូវបានជំរុញជាចម្បងដោយកំណើនការនាំចេញដ៏រឹងមាំ និងការចាក់បញ្ចូលមូលនិធិរដ្ឋចំនួនជិត ៣០ពាន់លានដុល្លារទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច។ គួរឱ្យដឹងដែរថា ក្នុងចំណោមថវិកាជិត ៣០ ពាន់លានដុល្លារនេះ បានមកពីថវិកាវិនិយោគរបស់រដ្ឋ និងការវិនិយោគសហគ្រាសរដ្ឋ ព្រមទាំងថវិកាសេសសល់ក្នុងការខ្ចីពីដៃគូអភិវឌ្ឍន៍៕
អត្ថបទ៖ ស៊ើង និមល់