ការស្ទង់មតិថ្មីមួយបានបង្ហាញកាលពីថ្ងៃអង្គារ ទី៨ ខែតុលា ថា បំណុលគ្រួសារជាមធ្យមនៅក្នុងប្រទេសថៃ បានឈានដល់កម្រិតកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានដោយសារសេដ្ឋកិច្ចមានកំណើនយឺត ប្រាក់ចំណូលធ្លាក់ចុះ និងថ្លៃចំណាយជីវភាពកើនឡើងកាន់តែខ្ពស់ ហើយពលរដ្ឋថៃ កំពុងមានបញ្ហាក្នុងការសងប្រាក់កម្ចីរបស់ពួកគេ។
ការស្ទង់មតិដោយសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ ដែលបានធ្វើឡើងកាលពីដើមខែកញ្ញា បានបង្ហាញថា ពលរដ្ឋថៃ ក្នុងមួយគ្រួសារជំពាក់បំណុលជាមធ្យម១ម៉ឺន៨ពាន់ដុល្លារអាម៉េរិក ដោយកើនឡើង៨,៤% បើធៀបនឹងឆ្នាំ២០២៣។ តួលេខបំណុលគ្រួសារនេះជាតួលេខខ្ពស់បំផុតចាប់តាំងពីការស្ទង់មតិនេះបានចាប់ផ្តើមក្នុងឆ្នាំ២០០៩ មក។
ការស្ទង់មតិនេះបានរកឃើញថា ៦៩,៩%នៃបំណុលពលរដ្ឋថៃ គឺជាកម្ចីផ្លូវការ ដោយធ្លាក់ចុះពី៨០,២% ពីឆ្នាំមុន ខណៈដែល៣០% ទៀត ជាកម្ចីក្រៅផ្លូវការ។ កម្ចីក្រៅផ្លូវការបានកើនឡើងខ្លាំងដោយសារតែពលរដ្ឋកាន់តែច្រើនខ្ចីពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុដល់កម្រិតកំណត់ដែលមិនអាចខ្ចីបន្ថែមទៀតបាន ទើបបង្ខំឱ្យពួកគេងាកទៅខ្ចីអ្នកចងការប្រាក់។
សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានឱ្យដឹងថា កូនបំណុលជាច្រើនគ្មានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចាយវាយក្នុងជីវភាពប្រចាំថ្ងៃនោះទេ កុំថាឡើយប្រាក់ទុកបម្រុងសម្រាប់ប្រើប្រាស់ក្នុងពេលមានអាសន្ន។ ការស្ទង់មតិដដែលបង្ហាញថា ពលរដ្ឋថៃ ក្នុងមួយគ្រួសារត្រូវបង់សងកម្ចីប្រចាំខែជាមធ្យម៥៦០ដុល្លារអាម៉េរិក ដោយកើនឡើងពីប្រមាណ៥០០ដុល្លារអាម៉េរិក កាលពីឆ្នាំមុន៕
ដោយ: តែម សុខុម