នៅពេលដែលមានការចាប់ផ្ដើមរីករាលដាលឆ្លងមេរោគកូវីដ១៩ក្នុងឆ្នាំ ២០២០ ទំហំប្រាក់កម្ចីមិនទាន់សង របស់កសិករនៅក្នុងប្រទេសថៃ ដែលបានខ្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុជាសមាជិករបស់ការិយាល័យឥណទានជាតិបានកើនឡើងប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ពោលគឺបានកើនឡើងប្រមាណជិតពាក់កណ្ដាល បើធៀបនឹងត្រីមាសទី១ឆ្នាំ២០១៩។
នាយកប្រតិបត្តិការិយាល័យឥណទានជាតិរបស់ថៃ លោក ស៊ូរាពល អូប៉ាសាទៀន បាននិយាយថា ប្រាក់កម្ចីមិនទាន់សងរបស់កសិករបន្ដកើនឡើងតាមផ្នែកខ្លះ ដោយសារតែបំណុលរបស់ពួកគេមានការកើនឡើងច្រើនជាមុន ហើយមិនអាចមានលទ្ធភាពសងត្រឡប់វិញបាន។
ការិយាល័យឥណទានជាតិរបស់ថៃ បានធ្វើការបែងចែកកម្ចីកសិកម្មជា៣ក្រុមសំខាន់ៗ ដោយផ្អែកលើអាយុរបស់កសិករខ្ចីប្រាក់។ ក្នុងនោះ កសិករដែលមានវ័យចំណាស់ ពោគឺអ្នកដែលមានវ័យលើស៥៥ឆ្នាំ កំពុងទទួលរងបន្ទុកបំណុលខ្ពស់ជាងគេ។
នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ចំនួនកសិករដែលខ្ចីប្រាក់មិនទាន់សងសរុប ដែលស្ថិតនៅក្នុងក្រុមអ្នកខ្ចីដែលមានវ័យចំណាស់ គឺមានទំហំកម្ចីដល់ទៅជាង ១៣ពាន់លានដុល្លារ ឬស្មើនឹងប្រមាណជាង៤៤% នៃទំហំផលបត្រឥណទានកសិកម្មសរុប។
ដោយឡែក កម្ចីមិនទាន់សងរបស់កសិករដែលមានវ័យចន្លោះពី ៤៦ដល់៥៥ឆ្នាំ មានទំហំកម្ចីសរុប ប្រមាណ ១១ពាន់លានដុល្លារ ឬស្មើប្រមាណជិត៣៦% នៃទំហំកម្ចីសម្រាប់កសិករសរុប ខណៈដែលកម្ចីសម្រាប់កសិករដែលមានវ័យក្រោម ៤៥ឆ្នាំ មានប្រមាណ៦ពាន់ដុល្លារ ឬស្មើនឹងជាង២០% នៃទំហំកម្ចីសម្រាប់កសិករសរុប។
តាមរយៈសេណារីយ៉ូកម្ចីដែលកំពុងកើនឡើងនេះ វាបានបង្ហាញឲ្យឃើញពីហានិភ័យ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់កម្ចីគ្រួសារនៅក្នុងប្រទេសថៃ។
យ៉ាងណាក៏ដោយចុះ ដោយសារតែមានកម្មវិធីរៀបចំឥណទានឡើងវិញពីធនាគារកណ្ដាលរបស់ថៃ វាបានជួយឲ្យកម្រិតឥណទានមិនដំណើរការ ឬហៅថាឥណទានខូច មានការធ្លាក់ចុះទាបជាងមុន គួរឲ្យកត់សម្គាល់៕