លោក អាខុម ធឺមភីតា យ៉ាប៉ៃសិត រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានគូសបញ្ជាក់ថា លោកមិនទាន់បានធ្វើការពិភាក្សាក្នុងគម្រោងខ្ចីប្រាក់បន្ថែមដើម្បីយកមកដោះស្រាយវិបត្តិកូវីដ១៩ ជាមួយនឹងធនាគារកណ្តាលរបស់ថៃនៅឡើយទេ ដោយហេតុថា ប្រាក់កម្ចីចំនួន៥០០ពាន់លានបាតស្មើនឹងប្រមាណ ១៥ពាន់លានដុល្លារ ដែលបានខ្ចីកាលពីពាក់កណ្តាលឆ្នាំនេះ នៅអាចប្រើប្រាស់បានគ្រប់គ្រាន់។
លោក អាខុម បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចថៃកំពុងពិចារណារៀបចំលម្អិត ពីគម្រោងចំណាយថវិកាកម្ចីដែលមាននាពេលបច្ចុប្បន្ន ឲ្យមានប្រសិទ្ធិភាពសិន មុននឹងត្រូវគិតគូរពីការខ្ចីប្រាក់បន្ថែម។
យ៉ាងណាមិញ ទេសាភិបាលធនាគារកណ្តាលថៃ លោក សិដ្ឋាភុត កាលពីសប្តាហ៍មុនបានអះអាងផ្ទុយស្រឡះពីនេះ។ លោកបានព្រមានថា រដ្ឋាភិបាលថៃត្រូវការបន្ថែមទឹកប្រាក់យ៉ាងហោចណាស់ ក៏ជាង១ទ្រីលានបាត ស្មើនឹងប្រមាណ ៣០ពាន់លានដុល្លារទៀត ទើបគ្រប់គ្រាន់ប្រើប្រាស់ក្នុងការដោះស្រាយវិបត្តិកូវីដ១៩ និងការប្រឈមធ្លាក់ចុះនៃសេដ្ឋកិច្ចថៃ។
ទេសាភិបាលធនាគារកណ្តាលថៃ បានសង្កត់ធ្ងន់ថា ដោយសារផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគេរំពឹងថា នឹងកាន់តែមានភាពធ្ងន់ធ្ងរ និង មានរយៈពេលយូរជាងការប៉ាន់ស្មានរបស់ធនាគារកណ្តាលថៃកាលពីលើកមុន។ដូច្នេះ គោលនយោបាយសារពើពន្ធថ្មីមួយ គួរតែដើរតួយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពជាប់គាំងសេដ្ឋកិច្ចថៃបច្ចុប្បន្ន។
សូមជម្រាបថា ទោះបីជាមានទឹកប្រាក់ជាច្រើនត្រូវបានរដ្ឋាភិបាលក្រុងបាងកក អនុម័តឲ្យប្រើប្រាស់សម្រាប់ចាក់បញ្ចូលទៅក្នុងចរន្តសេដ្ឋកិច្ចថៃក្តី ប៉ុន្តែហានិភ័យនៅតែកើនឡើងកាន់តែខ្លាំងមកលើសេដ្ឋកិច្ចរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះ ដោយសារការរីករាលដាលឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី មិនបានបន្ថយល្បឿនឆ្លងនោះទេ។
គួរបញ្ជាក់ថា ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ក្នុងប្រទេសថៃពេលនេះ ចំនួនអ្នកគ្មានការងារធ្វើ និង កម្មករដែលធ្វើការតិចម៉ោង បានឈានដល់ ៣លាននាក់ហើយ នៅត្រីមាសទី២ឆ្នាំនេះ ខណៈដែលបញ្ហារាតត្បាតកូវីដ-១៩ កំពុងបន្តអូសបន្លាយ និងកំពុងដាក់សម្ពាធកាន់តែខ្លាំងមកលើសេដ្ឋកិច្ចថៃផងដែរ។ ចំពោះកំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំ២០២១នេះវិញ ត្រូវបានធនាគារកណ្ដាលរបស់ប្រទេសនេះ ព្យាករថា នឹងអាចមានកំណើនត្រឹមតែ០,៧%ប៉ុណ្ណោះ៕