លោកស្រី ផាទ្រីកសៀ ម៉ុងឃុនវ៉ាន់នីត អគ្គនាយិកាការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ថៃ បានបញ្ជាក់ថា ប្រសិនបើប្រទេសថៃ ពិតជាបានខ្ចីប្រាក់ក្នុងទំហំដល់ទៅ ១០០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំក្រោយមែននោះ វាគឺជាកម្រិតបំណុលមួយខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដោយវានឹងធ្វើឲ្យបំណុលសាធារណៈសរុបរបស់ប្រទេសនេះ នឹងមានដល់ទៅប្រមាណជិត ៣០០ ពាន់លានដុល្លារអាមេរិកឯណោះ។
លោកស្រី ផាទ្រីសៀ បន្ថែមថា ផែនការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ឆ្នាំ២០២១ បានសន្និដ្ឋានថា បំណុលថ្មីរបស់ប្រទេសនេះ នឹងមានចំនួនត្រឹមតែជិត៥០ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំនួនបំណុលទាំងនេះ រួមមានប្រាក់កម្ចីដែលត្រូវបានធ្វើឡើងដើម្បីទូទាត់ឱនភាពថវិកាប្រមាណជាង ២០ពាន់លានដុល្លារ និងកម្ចីប្រមាណជាង ១៨ពាន់លានដុល្លារ ត្រូវបានខ្ចីដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចនៅក្នុងអំឡុងពេលកូវីដ-១៩។ រីឯ ចំនួន ទឹកប្រាក់កម្ចីប្រមាណ ជិត ៤ពាន់៥រយលានដុល្លារទៀត ប្រើប្រាស់សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងប្រាក់កម្ចី ២ពាន់លានដុល្លារទៀត គឺសម្រាប់ជំរុញដល់លទ្ធភាពទីភ្នាក់ងាររដ្ឋាភិបាល និងសហគ្រាសរដ្ឋ។
អគ្គនាយិការការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ថៃ បានបន្ថែមទៀតថា គម្រោងបច្ចុប្បន្ន បានកែតម្រូវពីគម្រោងពីមុន ដែលមានបំណុល ជាង ៤២ពាន់លានដុល្លារ ដោយរៀបចំរចនាសម្ព័ន្ធបំណុលចាស់ឡើងវិញ ដែលមានរយៈពេលកំណត់ ដើម្បីប្រាកដថាកម្រិតហានិភ័យនៅក្នុងការគ្រប់គ្រងបំណុលសាធារណៈស្ថិតនៅក្នុងកម្រិតស្ថិរ ហើយរាជរដ្ឋាភិបាលក៏មិនមានគម្រោងបង្កើតបំណុលថ្មីៗនោះដែរ។
ការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ថៃ បានគូសបញ្ជាក់ដែរថា តាមការចាត់ចំណាត់ថ្នាក់ដោយស្ថាប័នចាត់ចំណាត់ថ្នាក់ឥណទានអន្តរជាតិ ដូចជា S&P, Moody’s និង Fitch ជាដើម នៅតែដាក់ប្រទេសថៃក្នុងចំណាក់ថ្នាក់ BBB+ពោលគឺស្ថិតក្នុងកម្រិតមួយល្អនៅឡើយទេ ហើយស្ថាប័នអន្តរជាតិទាំងនេះ ក៏បានកំណត់ទស្សនវិស័យរបស់ប្រទេសថៃថាមានស្ថិរភាពដោយសារតែការគ្រប់គ្រងបំណុលសាធារណៈមានប្រសិទ្ធភាព និងមានការប្រុងប្រយ័ត្ន។ តាមការប៉ាន់ស្មាន កម្រិតបំណុលសាធារណៈរបស់ប្រទេសថៃ គឺនៅមានក្រោម ៦០% នៃទំហំផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២១ របស់ប្រទេសនេះ ៕