ប្រភពព័ត៌មានពីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់នៅក្នុងកាសែតបាងកកប៉ុស្ដិ៍ថា ប្រាក់កម្ចីរយៈពេលខ្លី ដែលធានាដោយក្រសួងហិរញ្ញវត្ថុនោះ នឹងត្រូវបានខ្ចីជាដំណាក់កាល ដើម្បីយកដោះស្រាយបញ្ហាលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airway ហើយប្រាក់កម្ចីនេះមានរយៈពេល ១ឆ្នាំ។
ទឹកប្រាក់កម្ចី រយៈពេលខ្លី ទំហំជាង១,៦ ពាន់លានដុល្លារអាមេរិកនេះ នឹងត្រូវបានប្រើប្រាស់ជាដើមទុនបង្វិល ដើម្បីប្រើប្រាស់ហិរញ្ញវត្ថុពង្រីកប្រតិបត្តិការអាជីវកម្ម និងអាចរួមបញ្ចូលទាំងគម្រោងឆាប់ចូលនិវត្តន៍របស់បុគ្គលិកផងដែរ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ដើម្បីឲ្យប្រាកដថា ក្រុមហ៊ុននេះ នឹងមិនយកប្រាក់កម្ចីនេះ ទៅបន្ដខាតបង់ចោលទទេៗទៀតនោះ រដ្ឋាភិបាលថៃ ក៏ត្រូវឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ធ្វើការស្ដារផែនការអាជីវកម្មឡើងវិញ ដែលរួមបញ្ជូលទាំងការគ្រប់គ្រងថ្លៃដើមផងដែរ។
ការកាត់បន្ថយចំនួន បុគ្គលិកពី ៣០% ទៅ៤០% របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways គឺត្រូវបានគេមើលឃើញថា ជាផ្នែកសំខាន់មួយ នៃផែនការជួយសង្គ្រោះក្រុមហ៊ុននេះ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ គឺមានចំនួនបុគ្គលិកច្រើនលើសប្រមាណ។
ក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលមានភាគហ៊ុនកាន់កាប់ ៥១% ដោយក្រសួងហិរញ្ញវត្ថុថៃនេះ បានជួបផលប៉ះពាល់ខាតបង់ប្រាក់មកជាច្រើនឆ្នាំមកហើយ តាំងពីមុនពេលមានការផ្ទុះឡើងនូវមេរោគឆ្លង Covid-19 ទៅទៀត។
បើតាមទិន្នន័យពី ផ្សារភាគហ៊ុនថៃ បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃមួយនេះ បានបង្ហាញពីការខាតបង់សុទ្ធ ប្រមាណ ៦៥ លានដុល្លារ នៅឆ្នាំ២០១៧ ហើយបន្តខាតកាន់តែច្រើនឡើងទៀត ដល់ទៅជាង ៣៥៧ លានដុល្លារនៅឆ្នាំ២០១៨ និងខាតដល់ប្រមាណ ៣៧០ លានដុល្លារនៅឆ្នាំ២០១៩។
គណៈកម្មាធិការគោលនយោបាយសហគ្រាសរដ្ឋ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ថ្មីៗនេះ បានអនុម័តជាគោលការណ៍ ឲ្យក្រុមហ៊ុនអាកាសចរណ៍ Thai Airways ធ្វើការស្ដារផែនការអាជីវកម្មរបស់ខ្លួន ហើយវានឹងត្រូវគណៈរដ្ឋមន្ត្រីអនុម័តនៅពេលក្រោយ។
លោក ប្រាយុទ្ធ បានព្រមានថា នឹងគ្មានឱកាសលើកទី២ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះទេ ដោយសារតែរាជរដ្ឋាភិបាលបានផ្ដល់ឱកាសម្ដងដែរ ប៉ុន្ដែមិនឃើញមានជោគជ័យអ្វីនោះទេ ដូច្នេះហើយ លោកថា បុគ្គលិកទាំងអស់គួរតែសម្របសម្រួលក្នុងការកាត់បន្ថយចំណាយ ដើម្បីអនុវត្តផែនការស្ដារអាជីវកម្មនេះ៕