ក្រុមហ៊ុនហុងដាថៃ កាលពីឆ្នាំ២០២១ ត្រូវបានរាយការណ៍ថា បានកត់ត្រាពីចំនួននៃការលក់ម៉ូតូរបស់ខ្លួនដល់ចំនួន ១លាន២ សែនគ្រឿងកាល ដោយគ្រប់គ្រងចំណែកទីផ្សារ ៧០% នៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
លោក Shigeto Kimura ប្រធានក្រុមហ៊ុន Honda ប្រចាំប្រទេសថៃបាននិយាយថា កង្វះបន្ទះឈីបគឺជាបញ្ហាប្រឈម និង ប៉ះពាល់ដល់ការផលិតជាខ្លាំង ប៉ុន្តែក្រុមហ៊ុនជឿជាក់ថា បញ្ហានេះនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗ។ លោកបានបន្តថា ក្រុមហ៊ុនបានកែសម្រួលផែនការអាជីវកម្មដើម្បីផលិតតែប្រភេទម៉ូតូមួយចំនួនក្នុងកុងទ័រកម្រិតមធ្យមប៉ុណ្ណោះ ខណៈ វាមិនត្រូវការឧបករណ៍បច្ចេកទេសខ្ពស់ក្នុងការផលិតឡើយ។
ក្រុមហ៊ុន Honda រំពឹងថា បញ្ហាកង្វះខាតបន្ទះឈីបនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយសង្ឃឹមថា ភាពតានតឹងដែលកំពុងកើតមានរវាងចិន និង តៃវ៉ាន់ នឹងមិនធ្វើឱ្យបញ្ហាកង្វះបន្ទះឈីបកាន់តែវិវត្តទៅរកស្ថានភាពអាក្រក់ទៅៗនោះទេ ដោយសារតៃវ៉ាន់ គឺជាមូលដ្ឋានផលិតកម្មបន្ទះឈីបដ៏សំខាន់ ហើយប្រទេសចិន ជាអ្នកនាំចេញវត្ថុធាតុដើមសំខាន់ៗសម្រាប់ផលិតបន្ទះសៀគ្វីទៅកាន់តៃវ៉ាន់។
គួរសង្កេតឃើញថា ចាប់ពីខែមករា ដល់ ខែមិថុនាឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Honda បានលក់ម៉ូតូគ្រប់ប្រភេទរបស់ខ្លួនកើនឡើង ៣% ពោលគឺមានដលចំនួនជាង ៧ សែនគ្រឿង។ ការលក់ម៉ូតូលេខស្វ័យប្រវត្តិ ឬហៅថាលេខ អូតូ បានកើនឡើង ១២% បើធៀបកាលពីឆ្នាំមុន ដែលមានដល់ជិត ៣ សែនគ្រឿង ខណៈការលក់ម៉ូតូប្រភេទផ្សេងទៀតបានកើនឡើង ៩៩% បើធៀបកាលពីឆ្នាំ ២០២១ ពោលគឺដល់ជាង ៤ សែនគ្រឿង។ ទន្ទឹមនឹងនោះ ការលក់ម៉ូតូធំក៏បានកើនឡើង ៩៧ % ដល់ជាង ៣ ពាន់ គ្រឿងនៅក្នុងប្រទេសថៃរយៈពេលដូចគ្នាផងដែរ។
ក្រុមហ៊ុន Honda បានបង្កើនការលក់ម៉ូតូសរុបក្នុងអំឡុងឆមាសទី ១ ក្នុងឆ្នាំនេះ កើនឡើងដល់ ៤% ធៀបនឹងឆ្នាំមុន ដែលមានដល់ជាង ៩ សែនគ្រឿង ខណៈក្រុមហ៊ុននេះរំពឹងថា ទីផ្សារម៉ូតូរបស់ខ្លួននឹងបន្តកើនឡើងនៅក្នុងទីផ្សារនៅឆមាសទីពីរនៃឆ្នាំនេះបន្ថែមទៀត ដោយសារការបើកប្រទេសឡើងវិញ និង ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍។
គួរជម្រាបថា បច្ចុប្បន្ន ក្រុមហ៊ុននេះកំពុងធ្វើការសិក្សាលទ្ធភាពលើអាជីវកម្មម៉ូតូអគ្គិសនី ដើម្បីបម្រើដល់ឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនក្នុងប្រទេសថៃ។ ក្រុមហ៊ុនមេរបស់ខ្លួនគ្រោងនឹងលក់ម៉ូតូដើរដោយថាមពលថ្មអាគុយនៅឆ្នាំ ២០៤០ ខណៈក្រុមហ៊ុននេះកំពុងពិភាក្សាជាមួយរដ្ឋាភិបាលថៃលើកញ្ចប់ថវិកាលើកទឹកចិត្តពាក់ព័ន្ធនឹងការផលិត។ ទន្ទឹមនឹងនេះ ក្រុមហ៊ុននេះគ្រោងចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងហិរញ្ញវត្ថុថៃចូលរួមក្នុងកញ្ចប់លើកទឹកចិត្តសម្រាប់ការផលិតរថយន្តអគ្គិសនីក្នុងពេលឆាប់ៗផងដែរ៕