ការស្ទង់មតិរបស់សាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានផ្អែកលើការសម្ភាសន៍ជាមួយប្រជាជនចំនួនជាង ១ ពាន់ ៣ រយនាក់ដោយធ្វើឡើងក្នុងអំឡុងថ្ងៃទី ១៥ ដល់ ២០ ខែសីហា បានបង្ហាញលទ្ធផលថា តួលេខបំណុលគ្រួសារបានកើនដល់កម្រិតខ្ពស់បំផុត បើធៀបក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ ប៉ុន្តែស្ថានភាពបំណុលគ្រួសាររបស់ប្រទេសថៃមិនទាន់ប្រឈមមុខនឹងហានិភ័យខ្ពស់នៅឡើយទេ ព្រោះបំណុលកើនឡើងភាគច្រើន មកពីការទិញទ្រព្យសកម្ម។ យោងតាមការស្ទង់មតិ បំណុលជាមធ្យមក្នុងមួយគ្រួសារមានចំនួន ១ ម៉ឺន ៤ ពាន់ដុល្លារនៅឆ្នាំនេះ កើនឡើង ៣,៧ បើធៀបកាលពីក្នុងឆ្នាំ ២០២០។
លោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃមានប្រសាសន៍ថា អ្នកឆ្លើយសំណួរជាង ៩៩% គឺបានអះអាងថាពួកគេសុទ្ធតែមានជំពាក់បំណុលគេ ដែលភាគច្រើនជាប្រាក់កម្ចីផ្ទាល់ខ្លួន និង បណ្ណឥណទាន ដោយសារប្រាក់ចំណូលរបស់ពួកគេនៅទ្រឹង ខណៈពេលដែលការចំណាយកើនឡើងកាន់តែខ្ពស់។
លោកបានបន្តថា គោលបំណងនៃការខ្ចីប្រាក់របស់ប្រជាជនគឺសម្រាប់ការចំណាយប្រចាំថ្ងៃ ការទិញទ្រពសកម្ម ដូចជាផ្ទះស្បែង និង យានជំនិះ និង ការប្រកបអាជីវកម្មជាដើម។
លោក Thanavath បានអះអាងថា ទោះបីជាអត្រាបំណុលគ្រួសារកើនឡើងដល់កម្រិតខ្ពស់បើធៀបក្នុងរយៈពេល ១៦ ឆ្នាំកន្លងមកនេះក៏ដោយ បំណុលគ្រួសារភាគច្រើនមានលក្ខណៈផ្លូវការ ទើបប្រជាជនថៃនៅតែមានលទ្ធភាពខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ។ លោកបន្តថា បំណុលគ្រួសារត្រូវបានចាត់ទុកជាលក្ខខណ្ឌធម្មតាសម្រាប់អ្នកមានចំណូលមធ្យមក្នុងការខ្ចីប្រាក់បន្ថែម ដើម្បីទិញទ្រព្យសកម្មផ្ទះសម្បែង និងដីធ្លីជាដើម។
លោក ថាណាវ៉ាត បានមានប្រសាសន៍ថា ឥឡូវនេះរដ្ឋាភិបាល និង វិស័យឯកជនកំពុងពន្លឿនការវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈរដ្ឋាភិបាលក៏គួរតែបង្កើនប្រាក់ចំណូលដល់ប្រជាជន ជំនួសឱ្យការផ្តល់សាច់ប្រាក់សុទ្ធដល់ពលរដ្ឋក្នុងការជំរុញការចំណាយ។
ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃរូបនេះបាននិយាយថា បំណុលគ្រួសារនឹងប្រសើរឡើងនៅពេលដែលសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញយ៉ាងរឹងមាំ។ លោកបានលើកឡើងពីទិន្នន័យចុងក្រោយរបស់ធនាគារកណ្តាលថៃដែលបង្ហាញថា បំណុលគ្រួសាររបស់ប្រទេសថៃមានចំនួនសរុបជាង ៤០០ពាន់ដុល្លារក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលតំណាងឱ្យជិត៩០% នៃផលិតផលក្នុងស្រុកសរុប ដែលជាការថយចុះបន្តិចពីត្រីមាសទី ៤ ឆ្នាំ ២០២១ នៅពេលដែលបំណុលគ្រួសារឡើងដល់ ៩០% នៃ GDP។
គួរសង្កើតឃើញថា បំណុលគ្រួសារថៃបានកើនឡើងដល់ប្រមាណ៩១% នៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដោយសារតែជំងឺរាតត្បាតកូវីត ១៩ និង វិធានការបិទខ្ទប់របស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។
លោក ថាណាវ៉ាត បាននិយាយថា បំណុលគ្រួសាររបស់ប្រទេសថៃទំនងជាធ្លាក់ចុះ ហើយថយចុះជាបណ្តើរៗ ស្របតាមការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។ លោកបានបន្តថា សមាមាត្រនៃបំណុលគ្រួសារត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រសិនបើសេដ្ឋកិច្ចអាចពង្រីកបានយ៉ាងហោចណាស់ ៦,២% ក្នុងមួយឆ្នាំ។
លោក Thanavath បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងកើនឡើងយ៉ាងហោចណាស់ ៤% នៅក្នុងត្រីមាសទី ៤ ក្នុងឆ្នាំនេះ ដោយសារការនាំចេញដ៏រឹងមាំ និងការងើបឡើងវិញនៃការមកដល់នៃភ្ញៀវទេសចរបរទេស។ លោកបានបន្តថា៖ ការនាំចេញ និងទេសចរណ៍ជាកត្តាជំរុញដ៏សំខាន់ក្នុងការជំរុញផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃឱ្យកើនឡើងពី ៣% ទៅ ៣,៥% នៅឆ្នាំនេះ៕