លោក សូរិយា រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មថៃ បានបន្ថែមថា វិនិយោគិននៅក្នុងពិភពជំនួញ គឺយល់ច្បាស់អំពីបញ្ហានយោបាយ ហើយពួកគេរំពឹងថា រាជរដ្ឋាភិបាលថៃ នឹងអាចដោះស្រាយបញ្ហានេះបាន។
កាលពីសប្តាហ៍កន្លងទៅ រាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានសម្រេចបញ្ចប់ ការដាក់ប្រទេសក្នុងគ្រាអាសន្ន នៅក្នុងទីក្រុងបាងកក ហើយក៏បន្ទន់ឥរិយាបទជាមួយនឹង ក្រុមអ្នកប្រឆាំង ទាមទារទម្លាក់ លោកប្រាយុទ្ធ ឲ្យចុះចេញពីតំណែង។
លោក សូរិយា បន្តថា ក្រុមហ៊ុន សហគ្រាសវិនិយោគជាច្រើន ដែលមកពីប្រទេសជប៉ុន និងប៉ែកអឺរ៉ុប ដែលកំពុងតែវិនិយោគនៅក្នុងប្រទេសថៃ នឹងបន្តពង្រីកការវិនិយោគរបស់ពួកគេទៅតាមផែនការ ខណៈ វិនិយោគិនបរទេសថ្មីៗ ដែលមានគម្រោងបណ្តាក់ទុនលើ ផ្នែកបច្ចេកវិទ្យា នៅច្រករបៀងសេដ្ឋកិច្ចពិសេសភាគខាងកើត នឹងបន្តជាធម្មតា។
រដ្ឋមន្រ្តីរួបនេះ បញ្ជាក់យ៉ាងច្បាស់ថា ការតវ៉ាប្រឆាំងបែបនេះ មិនមែនជាកត្តាសំខាន់ ដែលជំរុញដល់ការផ្លាស់ប្តូរគម្រោងរបស់វិនិយោគិននោះឡើយ ព្រោះពួកគេ ស្គាល់ច្បាស់ពី ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ ដោយសារតែពួកគេរស់នៅទីនេះ ជាច្រើនឆ្នាំមកហើយ។
បើទោះបីជា មានការអះអាងដូច្នេះក្តី អ្នកជំនាញជាច្រើនរូបមកពីវិស័យធនាគារ និងហិរញ្ញវត្ថុថៃ បានលើកឡើងដែរថា ការតវ៉ាប្រឆំាងនឹងរាជរដ្ឋាភិបាលថៃនេះ នឹងគំរាមកំហែងដល់ឱកាសនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចថៃ ដែលធ្លាក់ចុះដោយសារតែវិបត្តិមេរោគកូវីដ-១៩។
លោក សេថាភុធ ទេសាភិបាលធនាគារកណ្តាលថៃ បង្ហាញក្តីបារម្ភអំពី ការតវ៉ាប្រឆាំងនេះ ដែលអាចប៉ះពាល់ដល់ទំនុកចិត្ត ជីវភាព និងការវិនិយោគ ហើយលោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចថៃ ត្រូវការពេលយ៉ាងហោចណាស់ ២ឆ្នាំ ដើម្បីត្រលប់មករកសភាពដើមវិញ។
គួរជម្រាបដែរថា គន្លឹះសំខាន់បំផុត ដែលអាចស្រោចស្រង់ សេដ្ឋកិច្ចថៃបានគឺ វិស័យទេសចរណ៍ ដែលរកប្រាក់ចំណូលបានរាប់ពាន់លានដុល្លារអាមេរិក ហើយក្រៅពីនេះ ថៃ ក៏បានបង្កើតតំបន់សេដ្ឋកិច្ចជាច្រើនបន្ថែមទៀត ដើម្បីទាក់ទាញការវិនិយោគមកពីក្រៅប្រទេស តួយ៉ាងដូចជា ច្រករបៀងសេដ្ឋកិច្ចខាងកើត ដែលត្រូវបានកំណត់ការអភិវឌ្ឍឲ្យក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងវិនិយោគពិសេស ដែលប្រមូលផ្តុំទៅដោយ បច្ចេកវិទ្យាទំនើប ឧស្សាហកម្មផលិតយក្សយក្ស និងសេវាកម្មដ៏សម្បូរបែប ដើម្បីបម្រើដល់ បណ្តាប្រទេសអាស៊ាន៕