
សមាគមអ្នកបើកយន្តហោះថៃគ្រោងប្ដឹងក្រសួងការងារថៃ ទៅតុលាការរដ្ឋបាលនៅថ្ងៃទី១៤ ខែមីនា នេះ ហើយចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានគេមើលឃើញថា ជាជម្រើសចុងក្រោយហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ បានអនុញ្ញាតឱ្យជនបរទេសបើកយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកជាបណ្តោះអាសន្ន ក្រោមកិច្ចព្រមព្រៀងជួលយន្តហោះកាលពីខែធ្នូ ចុងឆ្នាំ២០២៤។ ការអនុញ្ញាតឱ្យជួលយន្តហោះនេះ គឺដើម្បីជួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយកង្វះយន្តហោះ។
លោក ធីរ៉ាវ៉ាត់ អាងកាសាគុលគៀត (Teerawat Angkasakulkiat) ប្រធានសមាគមអ្នកបើកយន្តហោះថៃបានថ្លែងថា ការអនុម័តឱ្យជនបរទេសបើកយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកបានជះផលប៉ះពាល់ដល់អ្នកបើកយន្តហោះជាជនជាតិថៃ ហើយវាក៏បំពានក្រឹត្យស្តីពីការគ្រប់គ្រងការងារជនបរទេសឆ្នាំ២០១៧ និងច្បាប់ស្តីពីអាកាសចរណ៍ឆ្នាំ១៩៥៤។
ប្រធានសមាគមអ្នកបើកយន្តហោះថៃ រូបនេះបានកត់សម្គាល់ថា ប្រការ៧ នៃក្រឹត្យរបស់ក្រសួងការងារចែងថា ជនបរទេសត្រូវបានហាមឃាត់មិនឱ្យបើកយន្តហោះសម្រាប់ជើងហោះហើរក្នុងស្រុកជាដាច់ខាត ហើយយោងតាមមាត្រា៤៤ នៃច្បាប់ស្តីពីអាកាសចរណ៍ថៃ ចែងថា អ្នកបើកយន្តហោះដែលបំពេញកាតព្វកិច្ចត្រូវតែជាជនជាតិថៃ ហើយជនបរទេសដែលអាចបើកយន្តហោះសម្រាប់ជើងហោះហើតក្នុងស្រុកបាន លុះត្រាតែមានការអនុម័តពីអគ្គនាយកនៃអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT)។
ដោយ: តែម សុខុម