នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចារបានថ្លែងឲ្យដឹងតាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋរបស់ថៃ ថ្មីៗនេះថា កញ្ចប់ថវិកាប្រមាណ ១២ពាន់លានដុល្លារនេះ នឹងត្រូវប្រើប្រាស់ដើម្បីសម្រួលដល់ចរន្តសេដ្ឋកិច្ចក្នុងប្រទេស តាមរយៈការជំរុញការទិញលក់នៅក្នុងស្រុក ជំរុញការវិនិយោគក្នុងស្រុក និងសកម្មភាពសេដ្ឋកិច្ចនានា។ ប៉ុន្តែ លោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ ក្នុងការទម្លាក់កញ្ចប់ថវិកាបន្ថែមលើកនេះទេ។
គួរបញ្ជាក់ថា វិធានការទម្លាក់កញ្ចប់ថវិកាបន្ថែមរបស់រដ្ឋាភិបាលលោកប្រាយុទ្ធ ធ្វើឡើងនៅក្រោយពេលដែល ប្រទេសថៃកំពុងរងគ្រោះជាថ្មីពីការចម្លងកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំទៀតហើយ ពោលគឺចំនួនដែលរកឃើញថា វិជ្ជមានកូវីដ-១៩ បានហក់ឡើងដល់ជិត ៣ពាន់នាក់ក្នុងមួយថ្ងៃ។ រដ្ឋាភិបាលថៃបាននិងកំពុងបង្កើនការរៀបចំមន្ទីរពេទ្យបណ្ដោះអាសន្ននៅតាមមូលដ្ឋាន និងបង្កើនការផ្គត់ផ្គង់បរិក្ខារថ្នាំសង្កូវ ដើម្បីត្រៀមសម្រាប់ការកើនឡើងនៃអ្នកជំងឺកូវីដ-១៩រួចហើយដែរ។
ក្រុងបាងកកបានប្រកាសបិទសួនឧទ្យាន ក្លឹបហាត់ប្រាណ និង កន្លែងសាធារណៈជាច្រើនទៀត ក៏ប៉ុន្តែមិនបានបិទខ្ទប់ទីក្រុងឡើយ
ក្រោយមានអ្នកឆ្លងកើនដល់ជិត៣ពាន់នាក់ក្នុងមួយថ្ងៃ អាជ្ញាធរក្រុងបាងកកបានបញ្ជាឲ្យបិទបណ្តោះអាសន្ននូវ សួនឧទ្យាន និង ក្លឹបហាត់ប្រាណនៅទូទាំងក្រុងដើម្បីបញ្ជៀសការជួបប្រជុំគ្នា។ ប៉ុន្តែនាយករដ្ឋមន្រី្តថៃបានគូសបញ្ជាក់ហើយថា មិនមានការបិទខ្ទប់ប្រទេស ឬ ទីក្រុងនោះទេ។
វិធានការខាងលើនឹងផ្តើមអនុវត្តពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃទី ៩ខែឧសភាខាងមុខ ពោលគឺ មានរយៈពេល ១៤ថ្ងៃ ដោយរាប់បញ្ចូល ទីតាំងទីសាធារណៈជាច្រើនដូចជា សួនសាធារណៈ ក្លឹបហាត់ប្រាណ អាងហែលទឹក សាលប្រជុំ ហាងអ៊ីធើណែត សារមន្ទីរនឹងបណ្ណាល័យជាដើម។ ផ្សារទំនើបនឹងត្រូវបើកដំណើរការពីម៉ោង១១ព្រឹក ដល់៨យប់ប៉ុណ្ណោះ។
ហាងលក់ទំនិញអាចបើកលក់បានពីម៉ោង ៥ភ្លឺដល់ ១០យប់ ខណៈដែលសាលារៀន ក្លឹបកម្សាន្តនិងកន្លែងម៉ាស្សាត្រូវបន្តបិទរហូតដល់ខែក្រោយ។
អ្នកជំនាញលើកឡើងថា បើសិនជាបិទរបៀបនេះ តើវិស័យទេសចរណ៍របស់ថៃវិញ កំពុងស្ថិតក្នុងស្ថានភាពបែបណាដែរ?
ផែនការស្តារទេសចរណ៍ថៃឲ្យរស់ឡើងវិញនោះ ត្រូវរលាយ ដោយសាររលកទី៣នៃកូវីដ-១៩ ខណៈដែលផែនការនេះ បានចាប់ផ្ដើមមិនដល់១ខែស្រួលបួលផង។
រដ្ឋាភិបាលថៃបានកាត់បន្ថយការព្យាករចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលរំពឹងថា អាចមានដល់ទៅជិត៧លាននាក់ មកនៅត្រឹម ៣ទៅ៤លាននាក់វិញក្នុងឆ្នាំនេះ ហើយបានកាត់បន្ថយការព្យាករប្រាក់ចំណូលជាតិពីវិស័យទេសចរណ៍ផងដែរ។ នេះបើតាមបាងកកបុស្តិ៍ដដែល។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡារបស់ថៃ លោក ភីផាត់ រ៉ាចាក់គីត ប្រាកាន់ (Phiphat Ratchakitprakarn) បាននិយាយថា វិស័យទេសចរណ៍បានបង្ហាញពីសញ្ញាល្អជាបណ្ដើៗហើយនៅខែមុន ប៉ុន្តែបន្ទាប់ពីមានការផ្ទុះឡើងកូវីដ-១៩ជាថ្មី បានចូលមកដល់ភ្លាម វាបានសម្លាប់ទឹកចិត្តភ្ញៀវទេសចរ ដែលចង់មកកម្សាន្តនៅប្រទេសថៃអស់រលីងតែម្ដង។
លោកបានបន្តថា ប្រាក់ចំណូលទេសចរណ៍សរុបសម្រាប់ឆ្នាំ ២០២១ ត្រូវបានព្យាករទម្លាក់ពី ប្រមាណ៣២ពាន់លានដុល្លារ មកនៅត្រឹម ២៧ពាន់លានដុល្លារប៉ុណ្ណោះ។ ក្តីសង្ឃឹមរបស់ថៃដែលចង់សម្រេចគោលដៅ ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ៦លាន៥សែននាក់នៅឆ្នាំនេះត្រូវបានរលាយអស់វិញដោយសារតែរលកទី៣ឆ្លងថ្មីនៃកូវីដ១៩។
ទោះយ៉ាងណាក៏ដោយចុះ អាជ្ញាធរថៃនៅមិនទាន់លុបចោលផែនការនាំភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច តាមរយៈគម្រោងសាកល្បងពិសេសមកកាន់កោះភូកេត ក្នុងខែកក្កដានោះទេ។
សូមបញ្ជាក់ថា ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩សរុបកើនដល់ជាង ៥ម៉ឺននាក់ហើយ ដោយនៅអំឡុងពេលអ្នកជំងឺកើនឡើងដូចនេះ ថៃក៏កំពុងប្រឈមកាន់តែខ្លាំងទាក់ទងនឹងបញ្ហាកង្វះខាតគ្រែពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាលផងដែរ៕