មន្ត្រីជាន់ខ្ពស់សុខាភិបាលថៃ លោក ប្រាសិត វឌ្ឍនាប៉ា បានថ្លែងក្នុងសន្និសារព័ត៌មានថា គម្រោងចាក់វ៉ាក់សាំងសម្រាប់នាយករដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រី រួមនឹងកម្មវិធីចាក់វ៉ាក់សាំង AstraZeneca សម្រាប់ពលរដ្ឋឯទៀត ត្រូវពន្យារពេលសិន ដោយសារតែវ៉ាក់សាំងរបស់អង់គ្លេសនេះ កំពុងកើតមានបញ្ហាសុខភាព ធ្ងន់ធ្ងរ ក្នុងចំណោមអ្នក ដែលបានទទួលចាក់វ៉ាក់សាំង AstraZeneca នៅប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប។
នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ រដ្ឋាភិបាលដាណឺម៉ាក អ៊ីស្លង់ ន័រវែស និងចុងក្រោយអ៊ីតាលី បានប្រកាសជាបន្តបន្ទាប់ ពីការផ្អាកចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្នុងហេតុផលប្រុងប្រយ័ត្នផ្នែកសុខភាព បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ្នកចាក់វ៉ាក់សាំង AstraZeneca រួច មានដុំកំណកឈាម ក្នុងសរសៃ។
មន្ត្រីសុខាភិបាលដាណឺម៉ាកបានឲ្យដឹងដែរថា ស្ត្រីវ័យ៦០ឆ្នាំម្នាក់បានស្លាប់ក្រោយឡើងកំណកឈាមក្នុងសសៃ។ ប្រការនេះបានធ្វើឲ្យ រដ្ឋាភិបាលប្រទេសដាណឺម៉ាក សម្រេចផ្អាកការចាក់វ៉ាក់សាំង ២សប្តាហ៍សិន រង់ចាំការស៊ើបអង្កេតបន្ថែម ថាតើបញ្ហាកំណកដុំឈាមក្នុងសរសៃរបស់អ្នកទទួលវ៉ាក់សាំង AstraZeneca មានជាប់ទាក់ទងនឹងវ៉ាក់សាំង AstraZeneca ដែរឬទេ។
យ៉ាងមិញមន្ត្រីជាន់ខ្ពស់សុខាភិបាលថៃ លើកឡើងថា៖«ទោះវា[AstraZeneca]ជាវ៉ាក់សាំងមានគុណភាពល្អយ៉ាងណាក្តី យើងសុំពន្យារពេលបន្តិចសិន រង់ចាំការស៊ើបអង្កេតបន្ត»
សូមបញ្ជាក់ផងដែរថាប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការចាក់ថ្នាំបង្ការកូវីដ-១៩ របស់ខ្លួននៅតាំងពីថ្ងៃទី២៨ ខែកុម្ភៈមក បន្ទាប់ពីទទួលបានវ៉ាក់សាំង Sinovac ចំនួន ២០ម៉ឺនដូសដំបូងពីប្រទេសចិននិង វ៉ាក់សាំងជាង១១ម៉ឺនដូសទៀត ដែលបានបញ្ជាទិញពីក្រុមហ៊ុន AstraZeneca៕