ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថៃ បាងកក ប៉ុស្ដិ៍ លោកស្រី អាលីវ៉ាសា ផាតណាដាបុត្រ បានឲ្យដឹងថា តម្លៃដី និងខុនដូ ជាមធ្យមនៅឆ្នាំនេះ នឹងមិនមានកំណើនគួរឲ្យចាប់អារម្មណ៍នោះឡើយឡើង បន្ទាប់ពីវាបានពុះកញ្ជ្រោលខ្លាំង អស់រយៈពេល៣ឆ្នាំចុងក្រោយកន្លងមកនេះ។
លោកស្រី អាលីវ៉ាសា បានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ តម្លៃដីជាមធ្យមនៅក្នុងទីក្រុងបាងកក មានការកើនឡើងជាង១២% ក្នុងមួយឆ្នាំ។ ប៉ុន្ដែ នៅឆ្នាំនេះ កំណើនដីធ្លីជាមធ្យម អាចនឹងមាននៅចន្លោះតែពី ០ ទៅ ៥ភាគរយប៉ុណ្ណោះ។
អ្នកជំនាញអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE រូបនេះ បានបញ្ជាក់ទៀតថា អ្នកអភិវឌ្ឍន៍បានទិញដី ដោយគ្មានហេតុផលច្បាស់លាស់ ដែលបានបណ្ដាលឲ្យខុនដូ ត្រូវបានលក់ចេញក្នុងតម្លៃថ្លៃខ្ពស់ ហើយវាក៏បានធ្វើឲ្យខុនដូនៅតាមតំបន់មួយចំនួន ត្រូវបានហល់ជាប់គាំងលក់មិនចេញផងដែរ ដោយសារតែតម្លៃខ្ពស់ពេក។
នៅចុងឆ្នាំ២០១៨ ក្នុងចំណោមចំនួនខុនដូដែលដាក់លក់សរុប ៣,៤ ម៉ឺនយូនីត គេឃើញមានខុនដូប្រមាណ ៩.៤០០ យូនីតត្រូវបានសល់ លក់មិនដាច់ នៅតាមតំបន់ជាយក្រុងបាងកក ហើយចំនួនខុនដូលក់សល់ទាំងនោះ គឺមាន៣០% ត្រូវបានសាងសង់រួចរាល់ ដើម្បីប្រគល់ទៅឲ្យអ្នកទិញ។
យ៉ាងណាក៏ដោយចុះ គេសង្កេតឃើញថា បើនិយាយពីចំណែកទីផ្សារខុដូ ប្រណីតវិញ គឺហាក់នៅមានកំណើនលក់បានល្អ ដែលមានអត្រាលក់រហូតដល់ ៨១% ដោយសារតែមានមានការកម្រិតការផ្គត់ផ្គង់ឲ្យមាននៅចំនួនតិច។
គួរជម្រាបថា នាពេលកន្លងមក សារព័ត៌មានបរទេស Asian Correspondent បានស្រង់សម្ដីប្រធានទីភ្នាក់ងារកិច្ចការអចលនទ្រព្យប្រទេសថៃ លោក សាពូន ផនឈូកឆៃ បានឲ្យដឹងថា គិតក្នុងឆ្នាំ២០១៨ លំនៅដ្ឋាន ដែលលក់មិនអស់ នៅក្នុងប្រទេសថៃ មានប្រមាណជាង ៤៥ម៉ឺន យូនីត ដែលគិតជាទឹកប្រាក់មានរហូតដល់៤១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ទីក្រុងបាងកកមានលំនៅដ្ឋានលក់មិនអស់ ប្រមាណ ៤០% នៃចំនួនលំនៅដ្ឋានសល់សរុប បើគិតជាតម្លៃវិញ គឺមាន ៥៥% នៃតម្លៃលំនៅដ្ឋានលក់សល់សរុប។
ទោះយ៉ាងណា របាយការណ៍បញ្ជាក់ថា ផ្ទះលក់មិនទាន់ដាច់ជាង ៤៥ម៉ឺនយូនីតនៅក្នុងប្រទេសថៃនេះ អាចនឹងលក់ចេញអស់ ក្នុងរយៈពេល ២ឆ្នាំ ដោយយោងទៅលើអត្រាចំនួនលំនៅដ្ឋានដែលគេអាចលក់ដាច់ក្នុងមួយឆ្នាំៗ ដែលស្មើនឹងជាង ២២ម៉ឺនយូនីត៕