ការនាំចេញអង្ករថៃ

ឆមាសទី២នេះ ការនាំចេញអង្ករថៃ អាចនឹងជួបបញ្ហារំខានខ្លាំង


ទស្សនវិស័យនៃការនាំចេញអង្កររបស់ប្រទេសថៃ ហាក់បីដូចជាមិនច្បាស់លាស់ និងអួរអាប់ខ្លាំង នៅក្នុងឆមាសទី ២ ឆ្នាំ ២០២០នេះ ដោយសារតែតម្រូវការប្រើប្រាស់អង្ករទូទាំងសកលលោក មានការធ្លាក់ចុះ ដែលបណ្តាលមកពីវិបត្តិមេរោគកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។
ថៃបរាជ័យមហិច្ឆតារបស់ខ្លួននាំចេញអង្ករ ៩លានតោនក្នុងឆ្នាំ២០១៩ (រូបភាព៖ AFP)
ដោយ

ប្រធានសមាគម​អ្នកនាំចេញ​អង្ករថៃ បាន​គូសបញ្ជាក់ថា សកម្មភាព​នាំចេញ​អង្ករថៃ នៅក្នុងខែកក្កដា​នេះ គឺមានសភាព​ស្ងប់ស្ងាត់​ខុសប្លែក​ពីធម្មតា បន្ទាប់ពី​ក្រុមហ៊ុន ​Phoenix Commodities​ ដែលជាក្រុមហ៊ុន​ជួញដូរ​ទំនិញ​ដ៏ធំមួយ​លើសកលលោក បានប្រកាស​ក្ស័យធន ដោយ​សារតែ​មេរោគ​កូវីដ-១៩។

ក្រុមហ៊ុន Phoenix Commodities​ ដួលរលំ បានប៉ះពាល់ដល់​អ្នកនាំចេញ​អង្ករថៃ សឹងតែ​ទាំងអស់ ដោយសារតែ​ក្រុមហ៊ុន​មួយនេះ ជាដៃគូ​ពាណិជ្ជកម្ម​ដ៏សំខាន់ និងជា​អ្នកនាំ​ចេញ​អង្ករថៃ ទៅកាន់​ទីផ្សារ​អាហ្វ្រិក ហើយក្រុមហ៊ុន​មួយនេះ ក៏បាន​ជំពាក់​បំណុល​​ពាណិជ្ជករថៃ ជាង ៣០លាន​ដុល្លារ​អាមេរិក​ផងដែរ។

លើសពីនេះទៅទៀត ក្រុមហ៊ុនជួញដូរ​អង្ករធំៗ នៅជុំវិញ​សកលលោក កំពុងតែ​ជួបប្រទះ​នឹងបញ្ហា​លំហូរ​សាច់ប្រាក់ និងទំនង​ជាអាចជួប​នឹងបញ្ហា​ហិរញ្ញវត្ថុ នាពេលឆាប់​ៗខាងមុខ ហើយក្រៅពី​នោះ អ្នកទិញ និងប្រើប្រាស់​អង្ករ​សំខាន់ៗ ក៏ផ្អាកការ​ទិញអង្ករ ក្នុងពេល​នេះដែរ។

បន្ថែមលើនេះ អង្ករថៃ មានតម្លៃខ្ពស់​ជាងអង្ករ​មកពី​ប្រទេសដទៃ ដែលបង្កជាការលំបាក​ក្នុងការ​ប្រកួតប្រជែង​ ដោយអង្ករបាក់​របស់ថៃ មានតម្លៃ​ប្រហែល ៤៥០ដុល្លារ​អាមេរិក ក្នុងមួយតោន ខណៈអង្ករ មកពី​វៀតណាម ឥណ្ឌា និងមីយ៉ាន់ម៉ា ដាក់លក់ក្នុង​តម្លៃ ៣៦០ដុល្លារ​អាមេរិក ក្នុងមួយតោន។

យ៉ាងណាក៏ដោយ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២០នេះ ថៃ បាននាំចេញ​អង្ករជាង ២លាន ៥សែនតោន គិតជាទឹកប្រាក់​ប្រមាណ ១,៧ ពាន់​លាន​ដុល្លារអាមេរិក ថយចុះប្រមាណ ១៣% ធៀបនឹងពេល​ដូចគ្នា កាលពីឆ្នាំមុន។

សមាគម​អ្នកនាំចេញ​អង្ករថៃ បានកំណត់​គោលដៅ​នាំចេញ​អង្ករ ៧លាន ៥សែនតោន សម្រាប់ឆ្នាំ ២០២០នេះ​តែទំនងជា​មិនអាច​សម្រេច​បាន ទើបប្រកាស​កំណត់​គោលដៅ​ជាថ្មី​ម្តងទៀត នៅចុងខែ​កក្កដានេះ។

សូមជម្រាបថា កាលពីឆ្នាំ ២០១៩កន្លងទៅ ថៃ សម្រេចការ​នាំចេញ​អង្ករជាង ៧លាន ៥សែនតោន ដែលមានតម្លៃ​សរុបជាង ៤ពាន់លាន​ដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


អាមេរិកថា «គ្មានចំណាប់អារម្មណ៍» ក្នុងការចរចាពាណិជ្ជកម្មជុំទី២ជាមួយចិនទៀតទេ!

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនចាប់អារម្មណ៍ នៅក្នុងកិច្ចចរចាពាណិជ្ជកម្មជុំទី ២ ជាមួយនឹងប្រទេសចិននោះឡើយ ដោយបានបញ្ជាក់ថា កិច្ចព្…

ចំណូលគយ និងពន្ធដារ ប្រមូលបានជិត៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០នេះ

បើទោះបីជាមានព្យុះភ្លៀងកូវីដ-១៩ បាននិងកំពុងបោកបក់ខ្លាំងមកសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក៏ដោយចុះ ប៉ុន្ដែបើម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ