យោងតាមលោក ដានុឆា ពេជ្យឆាយ៉ាណាន (Danucha Pichayanan) អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC)បានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍភស្តុភារ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រីថៃ លោក សុប៉ាថាណាប៉ុង (Supattanapong Punmeechaow) នៅថ្ងៃទី ១០ តុលា កិច្ចប្រជុំបានព្រមព្រៀងគ្នាលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួនពីរខ្សែ ដែលចាំបាច់ត្រូវពន្លឿនការសាងសង់ឲ្យបានឆាប់ ដើម្បីជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន។ លោក ដានុឆាបន្តថា ក្រសួងដឹកជញ្ជូនថៃ ទំនងជានឹងស្នើទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តគម្រោងសាងសង់ក្នុងពេលឆាប់ៗនេះផងដែរ។
ដំណាក់កាលទីពីរនៃគម្រោងរថភ្លើងល្បឿនលឿនពីប្រទេសថៃទៅចិននេះ លាតសន្ធឹងប្រវែង ៣៥៦គីឡូម៉ែត្រពីក្រុងនគររាជសីមាទៅខេត្តណងខៃមានតម្លៃជាង ៧ពាន់៨រយលានដុល្លារ និងមួយខ្សែទៀតប្រវែង ១៦៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីក្រុងខុនកេនទៅខេត្តណងខៃដែលជាប់ព្រំដែនប្រទេសឡាវ មានតម្លៃជាង ៧៧៧ លានដុល្លារ។
គួរជម្រាបថា ផ្លូវរថភ្លើងពីក្រុងខុនកេន និងក្រុងនគររាជសីមាទៅខេត្តណងខៃ គឺជាផ្លូវរថភ្លើងដែលភ្ជាប់ប្រទេសថៃទៅនឹងឡាវ និងបន្តពីឡាវ ទៅដល់ក្រុង គួនមីងប្រទេសចិន។ ហើយកាសាងសង់ដំណាក់កាលទីពីរនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ប្រហែល៣-៤ឆ្នាំ បន្ទាប់ពីដំណាក់កាលទី១ ឬនៅចន្លោះឆ្នាំ២០២៩-២០៣០។ ដំណាក់កាលទីមួយនៃគម្រោងនេះ គឺនឹងត្រូវការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីរាជធានីបាងកកទៅក្រុងនគររាជសីមា ។
យោងតាមលោក Danucha អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ (NESDC) បានបញ្ជាក់ថា សម្រាប់ដំណាក់កាលទីពីរនេះ ក្រសួងដឹកជញ្ជូនថៃបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលឡាវ លើការវិនិយោគរួមគ្នាសម្រាប់ការសាងសង់ស្ពានថ្មីមួយឆ្លងកាត់ទន្លេមេគង្គ ដើម្បីសម្រួលដល់រថភ្លើងល្បឿនលឿនដែលតភ្ជាប់ពីក្រុងណងខៃប្រទេសថៃទៅនិងទីក្រុងវៀងចន្ទន៍ប្រទេសឡាវផងដែរ៕