នៅថ្ងៃទី២០ ខែសីហា មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសថៃ លោក ប្រាផាស សុនឆៃឌី (Prapas Sonchaidee) ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមស្តីពី ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានចុះមកពិនិត្យនៅតំបន់ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងភ្នំ៣៥០ ដែលជាដែនអធិបតេយ្យភាពរបស់កម្ពុជា។ នៅក្នុងដំណើរចុះពិនិត្យនេះ តំណាងកងទ័ពថៃ រូបនេះ បានប្រកាសថា រដ្ឋាភិបាលក្រុងបាងកក មានផែនការរៀបចំពង្រីកបណ្តាញអគ្គិសនី និងប្រព័ន្ធគាំទ្របច្ចេកវិទ្យាយោធាមកកាន់តំបន់ទាំងនេះយ៉ាងយូរត្រឹមដើមឆ្នាំ២០២៧។
មន្ត្រីជាន់ខ្ពស់យោធាថៃ រូបនេះ បានព្យាយាមបកស្រាយការពារទង្វើឈ្លានពានរបស់ខ្លួនថា សន្តិសុខមិនមែនមានន័យត្រឹមតែកម្លាំងយោធានោះទេ ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រសន្តិសុខ។ ការអះអាងទាំងបំពាននេះ គឺបានបង្ហាញពីចេតនាយ៉ាងច្បាស់ក្រឡែត ក្នុងការប្រើប្រាស់ការតភ្ជាប់អគ្គិសនី ដើម្បីបម្រើឱ្យប្រតិបត្តិការ កែប្រែប្រៀបផ្នែកការពារជាតិ និងពង្រឹងការឈរជើងខុសច្បាប់របស់កងកម្លាំងថៃនៅជួរមុខ។ លើសពីនេះ អាជ្ញាធរថៃថែមទាំងបានសម្តែងល្ខោននយោបាយដោយពោលពាក្យផ្អែមល្ហែមថា ខ្លួនចង់រក្សាសន្តិភាព និងមិនចង់ឱ្យមានជម្លោះនោះទេ ប៉ុន្តែសកម្មភាពជាក់ស្តែងនៅលើដី បែរជាកំពុងបំផ្លាញសន្តិភាព និងរំលោភលើដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាងទៅវិញ។
ការប្រកាសពង្រីកហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីចូលមកកាន់តំបន់អធិបតេយ្យភាពរបស់កម្ពុជា គឺជាការផ្លាស់ប្តូរស្ថានភាពដើមយ៉ាងធ្ងន់ធ្ងរ និងជាការបំពានលើស្មារតី នៃកិច្ចព្រមព្រៀងបទឈប់បាញ់។ ទង្វើជាតិនិយមជ្រុលរបស់រដ្ឋាភិបាល និងយោធាថៃនៅពេលនេះ មិនត្រឹមតែរំលោភបំពានលើច្បាប់អន្តរជាតិនោះទេ ថែមជាការដុតរងើកភ្លើងសង្គ្រាមជាថ្មី ដែលអាចរុញច្រានស្ថានការណ៍ព្រំដែនឱ្យឈានទៅរកការប្រឈមមុខដាក់គ្នាដ៏គ្រោះថ្នាក់បំផុត៕
ដោយ: តែម សុខុម