ភ្ញៀវទេសចរបរទេសដែលជាប្រជាជននៃប្រទេស និងដែនដីចំនួនជាង៦០ប្រទេស នឹងអាចចូលមកធ្វើដំណើរកម្សាន្ត និងពិនិត្យសុខភាពនៅក្នុងប្រទេសថៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ និងមានសិទ្ធិស្នាក់នៅដោយស្របច្បាប់រហូតដល់៣០ថ្ងៃ។
អគ្គនាយកដ្ឋានកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសថៃ បានប្រកាសថា ប្រជាជននៃប្រទេសធំៗនៅបស្ចិមប្រទេស មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អាម៉េរិកខាងជើង និងខាងត្បូងនៅក្នុងបញ្ជី គឺសុទ្ធតែអាចនាំគ្នាមកធ្វើដំណើរទេសចរណ៍នៅក្នុងប្រទេសថៃ ដោយសេរីគ្មានត្រូវការទិដ្ឋាការ។
ប្រភពដដែលបានបន្តថា ក្រៅពីនោះ ថៃក៏នៅមានគោលនយោបាយលើកលែងទិដ្ឋាការកម្រិតទ្វេភាគី និងកម្រិតតំបន់ផ្សេងទៀតជាមួយនឹងចិន ក៏ដូចជាអាស៊ានផងដែរ ហើយកម្ពុជាក៏អាចចេញចូលថៃដោយមិនចាំបាច់ទិដ្ឋាការជាមួយនឹងការអនុញ្ញាតិឱ្យស្នាក់នៅ១៤ថ្ងៃ។ អ្នកវិភាគបានអះអាងថា គោលនយោបាយ នៃការបើកចំហរប្រទេសដោយគ្មានទិដ្ឋាការនេះ ត្រូវបានគេរំពឹងថា នឹងនាំមកនូវការកើនឡើងនៃការមកដល់របស់ភ្ញៀវទេសចរមកកាន់ប្រទេសថៃ។
ទិន្នន័យរបស់រដ្ឋាភិបាលថៃ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ បានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន២៨លាននាក់ ពោលគឺលើសពីគោលដៅរបស់ខ្លួនកំណត់បន្តិច ហើយបានបង្កើតប្រាក់ចំណូលបានជិត៣៥ពាន់លានដុល្លារ។ ក្នុងនោះភ្ញៀវទេសចរបរទេស ដែលបានមកលេងថៃ ច្រើនជាងគេ គឺភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ដែលមានភ្ញៀវទេសចរ ចំនួន៤លាន៥សែននាក់ តាមពីក្រោយដោយអ្នកទេសចរមកពីប្រទេសចិន មានចំនួន៣លាន៥សែននាក់។
គួររំលឹកថា កាលពីមុនការរីករាលដាលនៃកូវីដ-១៩ នៅឆ្នាំ២០១៩ ថៃបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបដល់ទៅ៣៩លាននាក់ ក្នុងនោះគ្រាន់តែភ្ញៀវទេសចរជនជាតិចិន គឺមានរហូតដល់១១លាននាក់ឯណោះ។ គោលដៅ និងរមណីដ្ឋាន ដែលទាក់ទាញនៅថៃរួមមានដូចជាភូកេត ប៉ាតាយ៉ា និងបាងកកជាដើម៕
ដោយៈ សរ សុជាតិ