វិស័យទេសចរណ៍

កម្ពុជា កំពុងពិចារណាលើកលែងទិដ្ឋាការដល់អាម៉េរិក និងបណ្តាប្រទេសនៅតំបន់អឺរ៉ុប ដើម្បីស្រោចស្រង់វិស័យទេសចរណ៍


ទោះបីជាកម្ពុជា បានដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការជាបណ្ដោះអាសន្នសម្រាប់ភ្ញៀវទេសចរចិនអស់រយៈពេលជិត២ខែមកហើយក្ដី ប៉ុន្តែលទ្ធផលជាក់ស្ដែងហាក់មិនទាន់ឆ្លើយតបទៅនឹងក្ដីរំពឹងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញលំហូរភ្ញៀវអន្តរជាតិឱ្យកើនឡើងនោះទេ។
វិស័យទេសចរណ៍
ដោយ

ក្រុមអ្នកជំនាញបានលើកឡើងថា កម្ពុជាត្រូវពង្រីកការលើកលែងទិដ្ឋាការទៅកាន់ប្រទេសអឺរ៉ុប និងទីផ្សារសក្ដានុពលផ្សេងទៀត ព្រមទាំងកែលម្អគុណភាពសេវាកម្មទេសចរណ៍ កសាងទំនុកចិត្ត និងទប់ស្កាត់ការបោកប្រាស់ភ្ញៀវ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសជិតខាង ជាពិសេសវៀតណាម ដែលកំពុងទាក់ទាញភ្ញៀវអន្តរជាតិបានកាន់តែខ្លាំង។ ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ដើម្បកែលម្អទីផ្សារទេសចរណ៍កម្ពុជាឱ្យកាន់តែទាក់ទាញបន្ថែមទៀត រដ្ឋាភិបាលកំពុងពិចារណាផ្ដល់ការលើកលែងទិដ្ឋាការដល់ពលរដ្ឋអាម៉េរិក និងប្រទេសនៅប៉ែកអឺរ៉ុប។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូណូមីសថា ជិត២ខែនៃការដាក់ឱ្យអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិនកន្លងមកនេះ លំហូរភ្ញៀវចូលមកកម្ពុជាហាក់មិនទាន់សម្រេចបានតាមគោលដៅរំពឹងទុកនៅឡើយទេ។ ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលបើកទូលាយគោលនយោបាយនេះទៅកាន់បណ្តាប្រទេសនៅប៉ែកអឺរ៉ុប សហរដ្ឋអាម៉េរិក និងទីផ្សារសក្តានុពលផ្សេងទៀត ដើម្បីបង្កើតឱកាសប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងនៅលើពិភពលោក ដែលកំពុងដាក់ចេញគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិយ៉ាងខ្លាំងក្លា។

ជាមួយគ្នានេះលោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គមបានគូសបញ្ជាក់ថា ក្រៅពីយន្តការលើកលែងទិដ្ឋាការ កម្ពុជាចាំបាច់ត្រូវពង្រឹងកត្តាទំនុកចិត្ត និងបង្កើនកម្រិតបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោក ហាក់បង្ហាញការព្រួយបារម្ភចំពោះភាពមិនស្មោះត្រង់របស់ប្រតិបត្តិករទេសចរណ៍មួយចំនួន និងរូបភាពនៃការបោកប្រាស់ភ្ញៀវនាពេលកន្លងមក ក្នុងការធ្វើឱ្យរាំងស្ទះដល់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរ។ លោកបានបន្តថា កម្ពុជាគួរតែផ្លាស់ប្តូរយុទ្ធសាស្ត្រ និងសិក្សារៀនសូត្រពីម៉ូដែលជោគជ័យរបស់ប្រទេសជិតខាងដូចជាវៀតណាមជាដើម។

ពាក់ព័ន្ធគ្នានេះដែរឯកឧត្តម សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា នៅក្នុងរយៈពេលជិត២ខែមកនេះ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ជាង១០ម៉ឺននាក់ ក្នុងនោះមានតែជាង៤ម៉ឺននាក់ប៉ុណ្ណោះ ដែលចូលមកកម្ពុជា ក្រោមយន្តការលើកលែងទិដ្ឋាការ។ បើតាមការអះអាងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាលើកលែងទិដ្ឋាការដល់បណ្តាប្រទេសនៅតំបន់អ៊ឺរ៉ុប និងអាម៉េរិក បន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវចូលមកកម្ពុជា។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញយន្តការសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរត្រង់ចេញពីប្រទេសចិនដោយអនុញ្ញាតឱ្យស្នាក់នៅបានចំនួន១៤ថ្ងៃក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ យន្តការនេះមិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ និងមិនមានបង់កម្រៃអ្វីឡើយ ពោលគឺគ្រាន់តែបំពេញទម្រង់បែបបទចេញចូលតាមអេឡិចត្រូនិច ឬ E-arrival ប៉ុណ្ណោះ ហើយក្នុងអំឡុងពេលនេះភ្ញៀវទេសចរចិនអាចធ្វើដំណើរចូលមកកម្ពុជាប៉ុន្មានលើកក៏បានដែរ។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅឆមាសទី១ឆ្នាំ២០២៦ កម្ពុជាស្រូបទាញភ្ញៀវទេសចរអន្តរជាតិបានជាង១លាន៧សែននាក់ធ្លាក់ចុះជាង៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានប្រមាណ៣,៣លាននាក់។ យ៉ាងណាមិញរបាយការណ៍របស់រដ្ឋាលេខាធិការអាកាសចរណ៍ស៊ីវិលបានបង្ហាញថា នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កម្ពុជាទទួលបានជើងហោះហើរចេញចូលជាង៣ម៉ឺន៧ពាន់ជើង ជាមួយអ្នកដំណើរជាង៣,៧លាននាក់ធ្លាក់ចុះ៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


អគារជាប់គាំងនៅខេត្តព្រះសីហនុ ជិត១៣០គម្រោងក្នុងចំណោមជិត៤៤០គម្រោងទទួលបានការដោះស្រាយក្រោមយន្តការលើកទឹកចិត្តពីរដ្ឋ

ដំណើរការដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងក្រុងព្រះសីហនុ ទោះបីបានបង្ហាញសញ្ញាវិជ្ជមាន តែហាក់មានភាពយឺតយ៉ាវ បើទោះបីជារាជរដ្ឋាភិបាលបានដាក់ច…

វិបត្តិបំណុល​នៅថៃ កាន់តែធ្ងន់ ដោយគណនីប្រាក់កម្ចីជិត២លានរងបណ្តឹងនៅតុលាការ ខណៈកូនបំណុលជាង១លាននាក់ប្រឈមវិបត្តិផ្លូវច្បាប់

វិបត្តិបំណុលរបស់ពលរដ្ឋថៃ កំពុងឈានចូលដំណាក់កាលគួរឱ្យព្រួយបារម្ភកាន់តែខ្លាំង។ អ្នកខ្ចីប្រាក់​រហូតដល់​ទៅជាង១លាននាក់កំពុងប្រឈមមុខនឹងវិធានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ