នៅពេលដែលប្រទេសថៃរងការវាយប្រហារជាលើកដំបូងដោយជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ ការផលិតរថយន្តសម្រាប់ការនាំចេញបានថយចុះមកត្រឹមជាង ៧០ម៉ឺនគ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះជិត៣០ម៉ឺនគ្រឿងធៀបនឹងឆ្នាំ ២០១៩ ។ ប៉ុន្តែ បរិមាណនាំចេញរថយន្ដរបស់ថៃបានកើនឡើងមកវិញដល់ជាង ៩០ម៉ឺនគ្រឿងកាលពីឆ្នាំ២០២១។
អ្នកនាំពាក្យក្លឹបរថយន្តរបស់ឧស្សាហកម្មថៃបានរំពឹងថា ការផលិតរថយន្តសម្រាប់ការនាំចេញនឹងកើនឡើង ៤,៥% ដល់ប្រហែល ១ លានគ្រឿងនៅឆ្នាំ២០២២នេះ។ ការកើនឡើងនេះ ដោយសារកំណើន តម្រូវការរថយន្តនៅបរទេសមានការកើនឡើងខ្ពស់ ខណៈការផលិតរថយន្ដនៅបណ្ដាប្រទេសធំៗមួយចំនួនក៏កំពុងមានការខ្វះខាតបន្ទះឈីបសម្រាប់ផលិតកម្មផងដែរ។
សូមជម្រាបថា ផលិតកម្មរថយន្តសរុបកាលពីឆ្នាំ២០២១មានចំនួនជិត ១លាន ៧សែនគ្រឿង កើនឡើង១៨% ធៀបនឹងឆ្នាំ ២០២០។ ក្នុងនោះ មានរថយន្តប្រមាណជិត ៧៣ម៉ឺនគ្រឿងនៃចំនួនសរុបត្រូវបានផលិតសម្រាប់លក់ក្នុងស្រុក និងជាង៩០ម៉ឺនគ្រឿងទៀតបាននាំចេញ។ ដោយឡែកសម្រាប់ឆ្នាំនេះ ឧស្សាហកម្មរថយន្តថៃជឿជាក់ថា ការផលិតរថយន្តសរុបអាចឈានដល់ ១លាន ៨សែនគ្រឿង ក្នុងនោះ ៨០ម៉ឺនគ្រឿងនឹងត្រូវលក់ក្នុងស្រុក ហើយ ១លានគ្រឿងទៀតនឹងត្រូវនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។គួរជម្រាបថា អ្នកនាំពាក្យឧស្សាហកម្មរថយន្តថៃ លោក Surapong បានលើកឡើងថា វិស័យនាំចេញរថយន្តនឹងមានដំណើរការល្អ និងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មរថយន្តថៃក្នុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ ការផលិតសម្រាប់ការនាំចេញអាចខកខានគោលដៅ ប្រសិនបើកង្វះខាតបន្ទះឈីបសកលនៅតែអូសបន្លាយមិនត្រូវបានដោះស្រាយ ហើយវាអាចនឹងមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក ប្រសិនបើការរីករាលដាលនៃអូមីក្រុងមិនអាចគ្រប់គ្រងបាន។
បើទោះបីជានៅរយៈពេលប៉ុន្មានខែនេះមានការរីករាលដាលយ៉ាងខ្លាំង ពីមេរោគអូមីក្រុងនៅទូទាំងពិភពលោក ជាពិសេសទ្វីបអឺរ៉ុបក៏ពិតមែន ប៉ុន្តែវានឹងមិនជះឥទ្ធិពលធ្ងន់ធ្ងរដល់ការនាំចេញរថយន្តពីប្រទេសថៃទៅកាន់ទីផ្សារអឺរ៉ុបនោះទេ ដោយសារតែទ្វីបនេះមិនមែនជាទីផ្សារធំក្នុងការនាំចេញរថយន្តរបស់ប្រទេសថៃឡើយ ពោលគឺមានចំណែកទីផ្សារត្រឹមតែប្រមាណ ១០% ខណៈដែលទីផ្សារធំរបស់ថៃ គឺ នៅមជ្ឈិមបូព៌ា អូសេអានី និងបណ្តាប្រទេសអាស៊ីផ្សេងទៀតដែលចូលរួមចំណែកទីផ្សារដល់ទៅ ៥០% នៃការនាំចេញសរុប៕
អត្ថបទ ស៊ើង និមល់