ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ទោះបីជាការធ្វើសមយុទ្ធនេះជាកម្មវិធីប្រចាំឆ្នាំរបស់ថៃ ក៏ដោយ ប៉ុន្តែសកម្មភាពប្រើប្រាស់គ្រាប់កាំភ្លើងពិតក្នុងទ្រង់ទ្រាយធំ និងធ្វើឡើងនៅជិតព្រំដែនកម្ពុជា បែបនេះ គឺស្ដែងឱ្យឃើញពីការសម្ញែងសាច់ដុំយោធា និងបង្ករការគំរាមកំហែងដល់បូរណភាពទឹកដីកម្ពុជា ស្របពេលដែលស្ថានភាពរវាងប្រទេសទាំងពីរកំពុងមានជម្លោះ និងភាពរកាំរកូសមិនទាន់បានដោះស្រាយនៅឡើយ។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ទោះបីការធ្វើសមយុទ្ធយោធារបស់ថៃ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំជាមួយអាម៉េរិកផង និងចិនផងក៏ដោយ តែការធ្វើសមយុទ្ធនាពេលថ្មីៗនេះ វាហាក់បានបង្ហាញពីចេតនាចង់គំរាមកំហែងសន្តិសុខលើកម្ពុជា ដោយសារតែការជ្រើសរើសទីតាំងកៀកនឹងព្រំដែនខ្មែរ និងការប្រើប្រាស់គ្រាប់កាំភ្លើងពិត។
យ៉ាងណាមិញអ្នកជំនាញរូបនេះយល់ថា កម្ពុជា ចាំបាច់ត្រូវតែពង្រឹងសមត្ថភាពកងទ័ពរបស់ខ្លួនឱ្យបានឆាប់រហ័សបំផុត ព្រមទាំងឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដោយប្រមូលនូវភស្តុតាង និងឯកសារពាក់ព័ន្ធនានា ដើម្បីដាក់សម្ពាធទៅលើភាគីថៃ។ ជាពិសេសរាជរដ្ឋាភិបាល ត្រូវតែមានការប្តេជ្ញាចិត្ត និងឆន្ទៈខ្ពស់ក្នុងការធ្វើកំណែទម្រង់វិស័យយោធាឱ្យមានភាពច្បាស់លាស់។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកការធ្វើសមយុទ្ធរបស់យោធាថៃ នៅជិតព្រំដែនជាមួយកម្ពុជា ហាក់កំពុងបង្ហាញរូបភាពគំរាមកំហែងមកកម្ពុជាដោយផ្ទាល់ ទាំងដែលយោធាថៃ កំពុងកាន់កាប់ទឹកដីកម្ពុជា នៅតំបន់មួយចំនួនដោយខុសច្បាប់។
សម្រាប់អ្នកជំនាញរូបនេះ ថៃ មិនមានបំណងស្វែករកសន្តិភាពដូចអ្វី ដែលក្រុមអ្នកនយោបាយថៃ មួយចំនួន អះអាងឡើយ ហើយជាក់ស្ដែងថៃ នៅតែដាក់កម្លាំងឈរជើង និងយាមជានិច្ចនៅតំបន់ថៃ រំលោភបំពានកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ កម្ពុជា ចាំបាច់ត្រូវតែទប់ទល់ឱ្យអស់លទ្ធភាពដើម្បីចៀសវាងកុំឱ្យផ្ទុះសង្គ្រាមជាថ្មី ប៉ុន្តែទន្ទឹមនឹងនោះ កម្ពុជា ក៏ត្រូវការធ្វើទំនើបកម្មយោធា និងកំណែទម្រង់ក្នុងវិស័យការពារជាតិ ជាបន្ទាន់ ដើម្បីអាចឆ្លើយតបបានរាល់ការឈ្លានពានណាមួយពីសំណាក់សត្រូវ។
ជាមួយគ្នានេះ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយ និងជាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិ បានលើកឡើងថា ថៃ កំពុងតែផ្ញើសារព្រមានមកកម្ពុជាថា ពួកគេនៅតែមានមហិច្ឆតាក្នុងការប្រើប្រាស់កម្លាំងទ័ពបំពានលើកម្ពុជា ដែលកត្តានេះទាមទារឱ្យកម្ពុជា ត្រូវតែត្រៀមលក្ខណៈទប់ទល់ជានិច្ច។ អ្នកជំនាញរូបនេះសង្កេតឃើញថា ថៃ តែងតែរំលោភបំពានលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលមានស្រាប់ម្ដងហើយម្ដងទៀត ប៉ុន្តែលោកមើលឃើញថា ថៃ ហាក់នៅមានភាពញញើតចំពោះមហាអំណាចសហរដ្ឋអាម៉េរិក និងចិន ពោលគឺការអន្តរាគមន៍ការទូតពីមហាអំណាចទាំងពីរនេះនៅតែមានឥទ្ធិពលក្នុងការទប់ស្កាត់មិនឱ្យជម្លោះរីករាលដាលខ្លាំង។ ទន្ទឹមនឹងនេះ លោកបណ្ឌិតយល់ថា កម្ពុជា ចាំបាច់ត្រូវតែធ្វើទំនើបកម្មយោធា និងពង្រីកការផ្សព្វផ្សាយពីបញ្ហានេះឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ជាក់ស្ដែងដូចជាការផ្សព្វផ្សាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សកម្មជនទាមទារយុត្តិធម៌ ឬអ្នកបង្កើតមាតិកាជនជាតិបរទេស លោក ខេវិន ស្មីត (Kevin Smith) ជាដើម។
ជារួមក្រុមអ្នកជំនាញយល់ថា កម្ពុជា ដាច់ខាតត្រូវតែពង្រឹងវិស័យការពារជាតិ និងវិនិយោគបន្ថែមទៅលើអាវុធយុទ្ធភណ្ឌទំនើបៗ ព្រោះភាគីថៃ អាចនឹងមានភាគរយខ្ពស់ក្នុងការយកបញ្ហាជម្លោះជាមួយកម្ពុជា ធ្វើជាឧបករណ៍នយោបាយផ្ទៃក្នុងរបស់ពួកគេ។ កត្តានេះទាមទារឱ្យកម្ពុជា ចាំបាច់ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់ ដើម្បីទប់ទល់នឹងការរំលោភបំពានជាថ្មីពីសំណាក់យោធាថៃ ព្រោះថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងដដែល បើទោះបីជាបច្ចុប្បន្នមានបទឈប់បាញ់ជាមួយគ្នាក៏ដោយ៕
អត្ថបទ៖ ជា ម៉ារ៉ា