មេរោគបំប្លែងថ្មី Omicron XE គឺជាមេរោគបំប្លែងថ្មីចុងក្រោយបង្អស់មួយ ដែលទើបតែបានរកឃើញដំបូងគេនៅប្រទេសអង់គ្លេស វាមានសមត្ថភាពឆ្លងលឿនរហ័សណាស់ ប៉ុន្ដែ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើវានឹងធ្វើឲ្យមានស្ថានភាពឈឺធ្ងន់ធ្ងរ ឬក៏យ៉ាងណានោះទេ ដ្បិតថា អ្នកជំនាញអង្គការសុខភាពពិភពលោកកំពុងសិក្សាតាមដាននៅឡើយ។ នេះបើតាមសេចក្ដីរាយការណ៍ពីកាសែតបាងកកប៉ុស្ដិ៍។
មជ្ឈមណ្ឌលសម្រាប់ហ្សែនវេជ្ជសាស្ត្រ (Center for Medical Genomics) នៃមន្ទីរពេទ្យ Ramathibodi បានរាយការណ៍ថា មជ្ឈមណ្ឌលនេះ បានរកឃើញករណីឆ្លងជាលើកដំបូងនៃមេរោគបំប្លែងខ្លួនថ្មី XE ដែលរួមបញ្ចូលគ្នានៃមេរោគថ្មី BA.1 និងមេរោគថ្មី BA.2 ។
នៅក្នុងការបង្ហោះនៅលើទំព័រ Facebook របស់ខ្លួន មជ្ឈមណ្ឌលនេះបាននិយាយថា មេរោគ បំប្លែងខ្លួនថ្មី Omicron XE នេះត្រូវបានរកឃើញតាមរយៈការធ្វើតេស្ដសំណាក ដែលយកមកពីអ្នកជំងឺជនជាតិថៃម្នាក់។ ហើយមជ្ឈមណ្ឌលនេះបានបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មី Omicron XE នេះមិនមែនជាប្រភេទមេរោគបំប្លែងខ្លួនថ្មី ដែលតាក្រុង (Deltacron) ដែលគេធ្លាប់រកឃើញចុងក្រោយនេះនោះទេ។
អង្គការ WHO បានព្រមានកាលពីថ្ងៃអង្គារថា មេរោគបំប្លែងខ្លួនថ្មី Omicron XE នេះអាចជាប្រភេទមេរោគឆ្លងថ្មីលឿនបំផុត ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ថា តើមេរោគថ្មីនេះមានភាពធ្ងន់ធ្ងរដល់កម្រិតណានោះទេ ខណៈដែលគេកំពុងស៊ើបអង្កេតនៅឡើយ។
មជ្ឈមណ្ឌលសម្រាប់ហ្សែនវេជ្ជសាស្ត្របាននិយាយដោយដកស្រង់ព័ត៌មានពីអង្គការ WHO ថាមេរោគបំប្លែងខ្លួនថ្មីមួយទៀតគឺ Deltacron ដែលជាមេរោគកូនកាត់នៃមេរោគ Delta និង Omicron មិនរាលដាលឆាប់រហ័ស ឬមានរោគសញ្ញាធ្ងន់ធ្ងរនោះទេ បន្ទាប់ពីការរកឃើញករណីមួយទៀតដែលមិនបានបញ្ជាក់តាមរយៈហ្សែននោះទេ។
សូមរំលឹកថា មេរោគ Omicron XE នេះត្រូវបានរកឃើញជាលើកដំបូងនៅក្នុងចក្រភពអង់គ្លេសនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ហើយតាំងពីនោះមកគេបានរាយការណ៍ និងបញ្ជាក់ពីករណីស្រដៀងគ្នានេះជាងច្រើន ៦០០ នាក់ផងដែរ។
មជ្ឈមណ្ឌលសម្រាប់ហ្សែនវេជ្ជសាស្ត្រនេះបាននិយាយដោយដកស្រង់របាយការណ៍របស់ទីភ្នាក់ងារសេវាសុខភាពចក្រភពអង់គ្លេស (UKHSA) ថា មេរោគបំប្លែងខ្លួនថ្មី Omicron XE នេះគឺអាចឆ្លងលឿនជាងមេរោគ មេរោគអូមីក្រុង BA.2 ក្នុងអត្រា ១០% និងអាចឆ្លងលឿនជាងមេរោគអូមីក្រុងក្នុងអត្រា ៤៣%។
មជ្ឈមណ្ឌលនេះ បានបញ្ជាក់ថា ពេលនេះគេនៅតែតាមដានមើលថា តើមេរោគថ្មី Omicron XE នេះនឹងបង្កឱ្យមានភាពតានតឹងលេចធ្លោជាងគេ ឬយ៉ាងណានោះទេ។
សូមរំលឹកថា ប្រទេសថែបានរកឃើញករណីឆ្លង ជាង២ម៉ឺននាក់ និងមានអ្នកស្លាប់ថ្មីចំនួន ៩៧ នាក់បន្ថែមទៀតនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ នេះបើតាមក្រសួងសុខភាពសាធារណៈបានប្រកាសកាលពីព្រឹកថ្ងៃអាទិត្យនេះ៕
អត្ថបទ៖ សុខ ជា