
លោក គ្រីត សាណា មន្រ្តីជាន់ខ្ពស់នៃ អាជ្ញាធរទេសចរណ៍ថៃ បានគូសបញ្ជាក់ថា លំហូរទេសចរណ៍ក្នុងស្រុក អំឡុងរដូវចុះត្រជាក់នេះ អាចនឹងមានចំនួនតិចជាងមុខ ក៏ប៉ុន្តែវានឹងធ្វើបានល្អជាងខែតុលាកន្លងទៅ ដោយសារតែ មានថ្ងៃឈប់សម្រាកច្រើន តម្លៃសណ្ឋាគារសមរម្យ និងមានការបង្កើនជើងហោះហើរអំឡុងពេលនេះ។
ការរក្សាគម្លាតសង្គម នឹងធ្វើឲ្យមានការផ្លាស់ប្តូរគោលដៅទេសចរណ៍ ពីទីប្រជុំជនទៅកាន់ តំបន់ជាយក្រុងវិញម្តង ដែលធ្វើឲ្យសហគមន៍ក្នុងស្រុកអាចរកប្រាក់ចំណូលបានខ្ពស់។
អំឡុងពេល ៩ខែដើមឆ្នាំ ២០២០នេះ លំហូរទេសចរណ៍ក្នុងស្រុក បានកើនឡើងដល់ ៥២លានជើង ធ្លាក់ចុះដល់ទៅ ៥៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដែលរកប្រាក់ចំណូលបាន ១០ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះដល់ទៅ ៦០%។
សូមជម្រាបថា អាជ្ញាធរទេសចរណ៍ថៃ ក៏បានត្រៀមបង្កើតព្រឹត្តិការណ៍ជាច្រើន នៅតាមបណ្តាខេត្តនានា ជាពិសេស គឺ ពិធីអបអរបុណ្យឆ្លងឆ្នាំសកល ការប្រកួតថតរូបនៅតាមគោលដៅទេសចរណ៍ ដោយសហការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ជាច្រើន៕