លោកស្រី Auramon Supthweethum អគ្គនាយក នៃនាយកដ្ឋានចរចាពាណិជ្ជកម្ម បានឲ្យដឹងថា បន្ទាប់ពីការបិទបញ្ចប់ការចរចា កិច្ចព្រមព្រៀង អរសិប (RCEP) កាលពីចុងឆ្នាំ២០១៩កន្លងទៅនេះ ប្រទេសថៃ និងប្រទេសជាដៃគូផ្សេងទៀត នៃកិច្ចព្រមព្រៀងនេះ កំពុងស្ថិតនៅក្នុងដំណើរការនៃការត្រួតពិនិត្យពាក្យពេចន៍ដែលត្រូវប្រើក្នុងកិច្ចព្រមព្រៀងនេះ និងស្នើសុំនីតីវិធីអនុម័តក្នុងស្រុក។
លោកស្រីបន្ថែមថា ក្រសួងពាណិជ្ជកម្មថៃ មានគម្រោងនឹងស្នើទៅគណៈរដ្ឋមន្ត្រី នៅពាក់កណ្ដាលឆ្នាំនេះ ដើម្បីបានការអនុញ្ញាតឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាចចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងនេះ នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងខែវិច្ឆកា ខាងមុខនេះ នៅប្រទេសវៀតណាម។
លោកស្រី Auramon បានគូសបញ្ជាក់ថា បន្ទាប់ពីការចុះហត្ថេលខាជាផ្លូវការ កិច្ចព្រមព្រៀងនេះ នឹងត្រូវបញ្ជូនទៅក្នុងដំណើរការផ្ដល់សច្ចាប័ន ដោយប្រទេសជាសមាជិកនីមួយ។ ដូចគ្នានេះដែរ ប្រទេសថៃ គ្រោងនឹងស្នើសុំការយល់ព្រមពីសភា មុនពេលកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ដែលទំនងជានៅឆ្នាំក្រោយ។
មន្ត្រីរដ្ឋាភិបាលរូបនេះ បានឲ្យដឹងទៀតថា កិច្ចព្រមព្រៀង RCEP នេះ នឹងផ្ដល់ឱកាសថ្មីដល់វិនិយោគិនថៃ នៅក្នុងប្រទេសប្រទេសជាសមាជិក ជាពិសេស ក្នុងវិស័យសេវាកម្ម ដែលប្រទេសថៃ មានភាពខ្លាំង និងសក្ដានុពលលើវិស័យនេះ ដូចជាសំណង់ ការលក់រាយ ការថែទាំសុខភាព និងអាជីវកម្មទាក់ទងនឹងភាពយន្ដ និងការកម្សាន្ដជាដើម។
កិច្ចព្រមព្រៀងនេះទៀតសោត ក៏ត្រូវបានគេរំពឹងថា នឹងជួយបង្កើតឱកាសនាំចេញកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មថៃ និងការអភិវឌ្ឍនូវគុណភាព ពិសេសគឺស្ករស ម្ហូបអាហារកែច្នៃ ម្យ៉ៅដំឡូងមី បង្គារ និងអង្ករជាដើម។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP នេះ ត្រូវបានដឹងថា មានទំហំសេដ្ឋកិច្ចសរុបប្រមាណ ៣០% នៃទំហំសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល និងមានចំនួនប្រជាជនស្ទើរតែពាក់កណ្ដាលនៃចំនួនប្រជាជនពិភពលោកសរុបទៅហើយ។ មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មពិភពលោកធំមួយនេះក៏មានចំណែកជាង ៣១% នៃផលិតកម្មពិភពលោក និងមានជាង ២៨% នៃពាណិជ្ជកម្មពិភពលោក ព្រមទាំងមានមួយភាគប្រាំ នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក ផងដែរ៕