ការអនុញ្ញាតសម្រាប់ពលករចំណាកស្រុកដែលបានចុះបញ្ជីស្របច្បាប់ ដើម្បីអាចមានសិទ្ធិបន្ដស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃនេះ គឺត្រូវបាន គណៈរដ្ឋមន្ត្រីថៃ អនុម័តនៅក្នុងកិច្ចប្រជុំមួយនៅដើមសប្ដាហ៍នេះ។
អ្នកស្រី រចឆាដា ណាឌីរីក មន្ត្រីអ្នកនាំពាក្យរង រាជរដ្ឋាភិបាលថៃ បានលើកឡើងថា ការសម្រេចរបស់រាជរដ្ឋាភិបាលនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ពលករចំណាកស្រុកដែលមកធ្វើការងារនៅក្នុងទូទាំងប្រទេសថៃ ប្រមាណ១៣ម៉ឺននាក់ ប៉ុន្ដែ សម្រាប់តែពលករដែលស្ថិតនៅក្រោមច្បាប់ការងារ ដែលបានចុះហត្ថលេខាដោយប្រទេសនីមួយៗប៉ុណ្ណោះ។
ពលករចំណាកស្រុកដែលបានមកធ្វើការបាន៤ឆ្នាំនៅក្នុងប្រទេសថៃ នឹងត្រូវបញ្ចប់សុពលភាពសិទ្ធិការងារនៅក្នុងខែធ្នូឆ្នាំក្រោយនេះ ជាធម្មតានឹងត្រូវគេបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ប៉ុន្ដែ នៅពេលនេះ ពួកគេទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលថៃអនុញ្ញាតឲ្យដាក់ពាក្យស្នើសុំការងារថ្មីនៅប្រទេសថៃឡើងវិញសម្រាប់រយៈពេល២ឆ្នាំទៀត។
បញ្ហាកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាកង្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសថៃ ដូច្នេះហើយ បានបង្ខំឲ្យរាជរដ្ឋាភិបាលត្រូវផ្ដល់សិទ្ធិការងារបន្ដឲ្យពលករចំណាកស្រុកដែលអស់សុពលភាពសិទ្ធិការងារ ដើម្បីឲ្យពួកគេអាចបន្ដធ្វើការងារក្នុងប្រទេសថៃ ខណៈដែលការទទួលយកពលករចំណាកស្រុកថ្មីៗនៅអំឡុងពេលកូវីដ-១៩នេះ គឺជារឿងមួយពិបាកខ្លាំងណាស់។
គួរចាប់អារម្មណ៍ដែរថា បញ្ហាមេរោគរាតត្បាតកំពុងរាតត្បាតខ្លាំងក្នុងប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសនេះ ក៏កំពុងទប់កុំឲ្យពលករចំណាកស្រុករបស់ខ្លួនត្រឡប់ពីប្រទេសថៃ ចូលមកក្នុងប្រទេសកំណើតវិញនោះដែរ។
យ៉ាងណាក៏ដោយចុះ ពលករចំណាកស្រុកដែលត្រូវបានអនុញ្ញាតឲ្យបន្ដធ្វើការនៅក្នុងប្រទេសថៃរយៈពេល២ឆ្នាំទៀតនោះ ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងមានការផ្ទៀងផ្ទាត់លិខិតបញ្ជាក់ការងាររបស់ពួកគេ ជាមួយនឹងការិយាល័យការងារផងដែរ ដោយត្រូវចំណាយលើថ្លៃសេវាចំនួន ១៩០០ បាត ឬស្មើនឹងប្រមាណ ៦៣ដុល្លារអាមេរិក។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារថៃ បានអះអាងថា ការអនុញ្ញាតបន្ដសិទ្ធិការងារបន្ថែមឲ្យពលករចំណាកស្រុកនេះ រាជរដ្ឋាភិបាលក៏បានពិភាក្សា ជាមួយនឹងអាជ្ញាធរនៅក្នុងប្រទេសនីមួយៗរួចរាល់អស់ហើយដែរ។
របាយការណ៍ធនាគារពិភពលោកបានបញ្ជាក់ទៀតថា ចំពោះប្រាក់បញ្ញើ របស់ពលករចំណាកស្រុកសរុបរបស់កម្ពុជាដែលបានផ្ញើមកគ្រួសារនៅឆ្នាំ២០២០នេះ ត្រូវបានព្យាករថា អាចនឹងមានការធ្លាក់ចុះមកនៅ ១ពាន់ ៤រយលានដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៩ ធ្លាប់មានដល់ជាង១ពាន់៥រយលានដុល្លារ។ រីឯ ប្រទេសក្បែរខាងយើងវិញគឺ វៀតណាម រំពឹងនឹងទទួលបាន ៣៣ពាន់លានដុល្លារ និងថៃ ទទួលបាន ៦ពាន់លានដុល្លារអាមេរិក៕