កាលពីមុន រដ្ឋាភិបាលថៃ បានដាក់ចេញគោលនយោបាយ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចររុស្ស៊ី អាចស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេល៩០ថ្ងៃ ដែលគ្រោងនឹងផុតកំណត់នៅចុងខែមេសានេះ ប៉ុន្តែដោយមានការប្រកួតប្រជែងទេសចរណ៍ក្នុងតំបន់កាន់តែខ្លាំង រដ្ឋាភិបាលថៃ ក៏បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចររុស្ស៊ីជាបន្តទៀត ដោយចាប់អនុវត្តពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣១ ខែកក្កដា និងអាចស្នាក់នៅក្នុងពេល៦០ថ្ងៃផងដែរ។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាល លោក រុតក្លៅ ស៊ូវ៉ានគិរី (Rudklao Suwankiri) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ថា ការបន្តលើកលែងទិដ្ឋាការនេះ នឹងជួយជំរុញភ្ញៀវទេសចររុស្ស៊ីឱ្យមកលេងប្រទេសថៃ កាន់តែច្រើន ដែលនឹងជួយបង្កើនប្រាក់ចំណូលពីទេសចរណ៍ និងធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។
បើយោងតាមក្រសួងទេសចរណ៍ និងកីឡារបស់ថៃ ប្រទេសនេះបានទទួលភ្ញៀវបរទេសជិត ១០លាននាក់តាំងពីដើមឆ្នាំរហូតមកទល់នឹងពេលនេះ ហើយជនជាតិរុស្សី គឺជាក្រុមភ្ញៀវទេសចរធំជាងគេទីបីដោយមានចំនួនជិត៧០ម៉ឺននាក់ បានទៅដល់ប្រទេសនេះ ដោយស្ថិតនៅពីក្រោយជនជាតិចិន និងម៉ាឡេស៊ី។
ការបន្តលើកលែងទិដ្ឋាការនេះបានធ្វើឡើងចំពេលលោក ស៊ីសឌីវ៉ាច ឆេវ៉ារ៉ាតតាណាផន (Sisdivachr Cheewarattanaporn) ជាឥស្សរជនឈានមុខគេនៃសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានព្រមានថា ថៃនឹងប្រឈមមុខនឹងរដូវកាលទេសចរណ៍ទាបប្រចាំឆ្នាំរបស់ខ្លួន។
ការធ្លាក់ចុះភ្ញៀវទេសចរក្នុងរដូវកាលនេះបានកើតឡើងបន្ទាប់ពីមានការកើនឡើងខ្លាំងនៅថ្ងៃឈប់សម្រាកបុណ្យសង្ក្រាន្តរបស់ប្រទេសនេះ។ ការណ៍នេះ បានធ្វើឱ្យប្រតិបត្តិករទេសចរណ៍ប្រឈមមុខនឹងបញ្ហាក្នុងការរក្សាអាជីវកម្មរបស់ពួកគេឱ្យដំណើរទៅបានដោយរលូន។
លោក ស៊ីសឌីវ៉ាច បានជំរុញឱ្យក្រុមហ៊ុនអាជីវកម្មវិស័យទេសចរណ៍ត្រូវចេះស្វែងរកឱកាសទេសចរណ៍ដទៃទៀត ដើម្បីរក្សាប្រតិបត្តិការរបស់ខ្លួនឱ្យបន្តរស់ទៅមុខទៀត ព្រោះវដ្ដនៃរដូវកាលទេសចរណ៍កំពូល និងរដូវកាលទេសចរណ៍ទាបនេះ បានកើតឡើងក្នុងវិស័យទេសចរណ៍ថៃ ដែលគេមិនធ្លាប់ឃើញក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ។
លោកបានកត់សម្គាល់ថា ភ្ញៀវទេសចរចិនមិនសូវជាធ្លាក់ចុះពេកទេដោយសារពួកគេទទួលបានការលើកលែងទិដ្ឋាការ ប៉ុន្តែភ្ញៀវទេសចរដែលធ្លាក់ចុះទាបគឺភាគច្រើនមកពីកោះតៃវ៉ាន់ និងប្រទេសឥណ្ឌាតែម្ដង៕
អត្ថបទ៖ សុខ មង្គល