លោក ចារឿន ឡៅធម្មតាស ប្រធានសមាគមអ្នកនាំចេញអង្ករថៃ បានឲ្យដឹងថា ការនាំចេញអង្ករ ក្នុងឆ្នាំ ២០១៩ គឺនៅទាបជាងគោលដៅ ៩លានតោន ពោលគឺ សម្រេចបានត្រឹម ៨លានតោនតែប៉ុណ្ណោះ។
លោក បន្តថា ក្នុងរយៈពេល ១១ខែ ដើមឆ្នាំ ២០១៩នេះ ថៃ បានធ្វើការនាំចេញអង្ករប្រមាណ ៧លានតោន ថយចុះរហូតដល់ទៅ ៣០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨ ដែលរកចំណូលបានជិត ៣ពាន់លានដុល្លារអាមេរិក ថយចុះជាង ២៤%។
លោក ចារឿន បន្ថែមថា ការធ្លាក់ចុះនេះ គឺដោយសារតែ ថៃ មិនបានអភិវឌ្ឍពូជស្រូវថ្មី អស់រយៈពេលជាង ៣០ឆ្នាំមកហើយ មានន័យថា ថៃ ធ្វើការនាំចេញអង្ករពូជដដែលជាង ៣០ឆ្នាំហើយ ដោយឡែក វៀតណាម បានបង្កើតពូជស្រូវជាច្រើនប្រភេទ ជារៀងរាល់ឆ្នាំ ដើម្បីបម្រើដល់ សេចក្តីត្រូវការរបស់អតិថិជនទូទាំងសកលលោក។
លើសពីនេះទៅទៀត គុណភាពអង្ករថៃ បានថយចុះដោយសារតែ គ្រោះធម្មជាតិ និងការឡើងកម្តៅផែនដី ជាពិសេសគឺ ការផ្លាស់ប្តូររបៀបដាំដុះ ដោយប្រើប្រាស់ថ្នាំគីមីច្រើន ប៉ះពាល់ដល់រសជាតិ និងគុណភាពអង្ករ។
ទាក់ទងនឹងការប្រកួតប្រជែងជាមួយ បណ្តាដៃគូសំខាន់ៗ តម្លៃអង្ករចិន ដែលដាក់លក់លើទីផ្សារ គឺមានតម្លៃប្រមាណ ៣០០ដុល្លារអាមេរិក ហើយអង្ករថៃ ដែលមានប្រភេទស្រដៀងគ្នានោះ លក់ក្នុងតម្លៃ ៣៩០ដុល្លារអាមេរិកឯណោះ ខណៈដែល វៀតណាម លក់ជាង ៣៦០ដុល្លារអាមេរិក និងឥណ្ឌា លក់ជាង ៣៧០ដុល្លារអាមេរិក។
លើសពីនេះ ចិន នៅតែបន្តបង្កើតប្រភេទពូជស្រូវជាច្រើនមុខទៀត ដែលទទួលបានទិន្នផលខ្ពស់ មានន័យថា ចិន នឹងពង្រីកការនាំចេញអង្ករទៅកាន់ បណ្តាប្រទេសអាស៊ាន ដោយលក់ក្នុងតម្លៃទាប ហើយនៅពេលនោះ ទីផ្សារអង្ករថៃ នឹងរងទុក្ខខ្លាំងជាងគេបំផុត។
គួរជម្រាបថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ បាននាំចេញអង្ករជាង ១១លានតោន ដែលបានក្លាយជា ប្រទេសនាំចេញអង្ករធំ លំដាប់លេខ ២ លើសកលលោកនោះ បន្ទាប់ពីប្រទេសឥណ្ឌា៕