ក្រសួងកសិកម្ម និងអាជ្ញាធរក្នុងប្រទេសថៃបាន យកសំណាកពីសត្វជ្រូកជាច្រើនក្នុងកសិដ្ឋានចិញ្ចឹមជ្រូករបស់ប្រជាពលរដ្ឋ ដើម្បីធ្វើតេស្តរកជំងឺប៉េស្តជ្រូកអាហ្វ្រិក។ ក្រោយការធ្វើតេស្ត លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា សត្វជ្រូកជាច្រើនក្នុងប្រទេសនេះបានឆ្លងនូវជំងឺប៉េស្តជ្រូកនេះហើយ។
យ៉ាងណាក៏ដោយចុះ អ្នកស្រុកមួយចំនួនជឿថា ជំងឺប៉េស្តជ្រូកនេះ គឺមានវត្តមាននៅក្នុងប្រទេសថៃមួយរយៈហើយ គ្រាន់តែព័ត៌មានអំពីជំងឺនេះត្រូវបានបិទបាំងតែប៉ុណ្ណោះ។ ជាក់ស្ដែង ប្រទេសនេះបានរាយការណ៍អំពីជ្រូកងាប់នៅតាមកសិដ្ឋានជាច្រើនក្នុងមួយឆ្នាំកន្លងមកនេះ ប៉ុន្តែអាជ្ញាធរបានចាត់ទុកថាជ្រូកទាំងនោះបានឆ្លងជំងឺផ្សេង។
យ៉ាងណាមិញ ជុំវិញបញ្ហានេះ គណៈរដ្ឋមន្ត្រីថៃ បានអនុម័តថវិកាចំនួនជាង ១៧ លានដុល្លារ ដើម្បីផ្តល់ជាសំណងដល់អ្នកចិញ្ចឹមជ្រូកតូចៗនៅក្នុងខេត្តចំនួន ៥៦ ដែលជ្រូករបស់ពួកគេត្រូវបានសម្លាប់ ដើម្បីការពារការរីករាលដាលនៃជំងឺជ្រូកណាមួយ។
ជំងឺនេះបានបង្កទៅជាការគំរាមកំហែងបន្ថែមទៀតដល់កង្វះខាតផលិតផលសាច់ជ្រូកក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះកំពុងជួបប្រទះកង្វះការផ្គត់ផ្គង់ស្រាប់ទៅហើយនោះ ក្រោយមានការកើនឡើងនូវតម្រូវការខ្ពស់ បន្ទាប់ពីការបើកប្រទេសឡើងវិញ។លើសពីនេះទៅទៀត បញ្ហាជំងឺប៉េស្ដជ្រូកនេះ នឹងជះឥទ្ធិពលកាន់តែអាក្រក់ដល់ទីផ្សារសាច់ជ្រូកបន្ថែមទៀត ពោលគឺតម្លៃសាច់ជ្រូកនឹងអាចកាន់តែខ្ពស់ថែមទៀត។ តម្លៃសាច់ជ្រូកនៅក្នុងប្រទេសថៃបានកើនឡើងជាបន្ដបន្ទាប់នៅប៉ុន្មានសប្ដាហ៍មកនេះ ដោយបានកើនឡើងពីប្រមាណ៤ដុល្លា៥០សេនក្នុងមួយគីឡូក្រាម មកដល់ជាង៦ ទៅជិត៨ដុល្លារក្នុងមួយគីឡូក្រាម។
ក្រុមអាជីវករលក់សាច់ជ្រូកប៉ាន់ប្រមាណថា តម្លៃសាច់ជ្រូកលក់រាយជាមធ្យមនៅលើទីផ្សារថៃនឹងកើនដល់ម្លៃជិត ៩ ដុល្លារក្នុងមួយគីឡូក្រាមនៅពេលឆាប់ៗខាងមុខនេះ ប្រសិនបើមិនមានចំណាត់ការណាមួយពីរដ្ឋាភិបាលទេឲ្យបានសមស្របទេនោះ ហើយតម្លៃនេះគឺពលរដ្ឋភាគច្រើនមិនអាចទទួលយកបានទេ។ អាជីវករស្នើឲ្យរដ្ឋាភិបាលថៃ មានការនាំចូលជ្រូកដើម្បីផ្គត់ផ្គង់តម្រូវការ ដើម្បីបន្ទាបតម្លៃសាច់ជ្រូកដែលកំពុងកើនឡើងនេះផងដែរ។
សូមជម្រាបថា ប្រទេសថៃបានផ្គត់ផ្គង់ជ្រូកចំនួន ១៨ លានក្បាលក្នុងមួយឆ្នាំទៅកាន់ទីផ្សារក្នុងស្រុក ហើយបាននាំចេញ ១លានក្បាលទៅកាន់ប្រទេសជិតខាងដូចជាកម្ពុជា វៀតណាម ឡាវ និងមីយ៉ាន់ម៉ា។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងមកនូវត្រឹម ១៣ លានក្បាលប៉ុណ្ណោះ៕