ចំនួនអ្នកឆ្លងថ្មីដែលបានរកឃើញ ២.៨៣៩នាក់ នៅថ្ងៃទី ២៤ ខែមេសា គឺជាចំនួនអ្នកឆ្លងខ្ពស់បំផុតមិនធ្លាប់មានឡើយនៅក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះ កាលពីថ្ងៃទី ២៣ ខែមេសា មានអ្នកឆ្លង ២.០៧០នាក់ ហើយវាក៏ជាលើកដំបូងហើយដែលថៃមានតួលេខកើនដល់ ២ពាន់នាក់ក្នុងមួយថ្ងៃ ចាប់តាំងពីមានផ្ទុះរាលដាលកូវីដ-១៩ក្នុងប្រទេសមក។
សរុបមកទល់ថ្ងៃទី ២៤ ខែមេសា ចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេថៃ មានជា ៥ម៉ឺននាក់ហើយ ដោយក្នុងនោះ អ្នកស្លាប់មាន ១២៩នាក់។ ក្នុងនោះ មានអ្នកជំងឺកូវីដ-១៩ ជាសះស្បើយជាង ៣ម៉ឺននាក់ និងមានជាង២ម៉ឺននាក់ទៀត កំពុងសម្រាកព្យាលបាលជំងឺ ដោយក្នុងចំណោមនោះ មានជិត១ម៉ឺន៨ពាន់នាក់កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យ និងមានជាង៤ពាន់នាក់ទៀត សម្រាកនៅកន្លែងព្យាបាលរៀបចំបណ្ដោះអាសន្ន។ ប្រទេសថៃ បច្ចុប្បន្ន មានអ្នកជំងឺកូវីដ-១៩ ជាង៤០០នាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយមាន១១៣នាក់ កំពុងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើម។
បើទោះបីជាចំនួន អ្នកឆ្លងថ្មីកើនខ្ពស់បំផុតធ្លាប់មានក៏ដោយ ប៉ុន្ដែ រដ្ឋាភិបាលថៃ នៅតែមិនទាន់សម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅឡើយទេ ខណៈដែលកន្លងមកប្រទេសនេះ ធ្លាប់បានធ្វើជាច្រើនលើករួចហើយ។
សូមបញ្ជាក់ថា នៅអំឡុងពេល អ្នកជំងឺកើនឡើងនេះ ប្រទេសថៃក៏កំពុងប្រឈមកាន់តែខ្លាំងទាក់ទងនឹងបញ្ហាកង្វះខាតគ្រែពេទ្យសម្រាប់អ្នកជំងឺសម្រាកព្យាបាលផងដែរ។