កាសែត បាងកកប៉ុស្តិ៍ ផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បានប្រកាសអំពីបម្រាមគោចរនេះ នាល្ងាចថ្ងៃព្រហស្បតិ៍ (ទី២ មេសា ២០២០)។
មនុស្សដែលត្រូវបានលើកលែងពីបម្រាមគោចរនេះ រួមមាន បុគ្គលិកពេទ្យនិងបុគ្គលិកធនាគារ ព្រមទាំងបុគ្គលិកធ្វើការផ្នែកដឹកជញ្ជូននិងឡូជីស្ទិក ដែលដឹកជញ្ជូនផលិតផលប្រើប្រាស់ ទំនិញពីកសិដ្ឋាន ផលិតផលឱសថ គ្រឿងបរិក្ខារពេទ្យ កាសែត ប្រេងឥន្ធនៈ កញ្ចប់ប្រៃសណីយ ឬផលិតផលដែលត្រូវនាំចូល ឬនាំចេញ។
ការបម្លាស់ទីមនុស្សទៅកាន់កន្លែងចត្តាឡីស័ក (ដាក់ឲ្យនៅដាច់ដោយឡែក) ក៏ត្រូវបានអនុញ្ញាតផងដែរ។
ការលើកលែងផ្សេងទៀត គឺ អ្នកទាំងឡាយដែលធ្វើការវេនយប់ជាប្រក្រតី ឬអ្នកទាំងឡាយដែលធ្វើដំណើរទៅមកព្រលានយន្តហោះ ដែលមានកាន់ឯកសារបញ្ជាក់គោលបំណងត្រឹមត្រូវ ឬមន្ត្រីដែលធ្វើការតាមការណែនាំរបស់សេចក្ដីប្រកាស ឬបទបញ្ជានានា និងអ្នកទាំងឡាយដែលមានការអនុញ្ញាតពីមន្ត្រី ឲ្យចាកចេញពីផ្ទះ ក្នុងករណីមានអាសន្ន។
ការប្រព្រឹត្តល្មើសនឹងបម្រាមគោចរនេះ នឹងអាចត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារមិនលើសពី ២ឆ្នាំ និង/ឬការពិន័យជាប្រាក់មិនលើសពី ៤ម៉ឺនបាត (ប្រមាណ ១២០០ដុល្លារអាមេរិក)៕
ប្រភព៖ កាសែត បាងកកប៉ុស្តិ៍