រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ រូបនេះ គ្រោងនឹងជួបជាមួយគណៈកម្មាធិការជាច្រើននៃរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងក្រុមធុរកិច្ចរបស់អាម៉េរិក ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងដើម្បីដកប្រទេសថៃចេញពីបញ្ជីឃ្លាំមើលសកម្មពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) គ្រោងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក នៅដើមខែក្រោយ ដើម្បីចរចា ដែលផ្តោតលើការទប់ស្កាត់ការដំឡើងពន្ធគយ ដែលអាចកើតមានឡើងលើទំនិញនាំចេញរបស់ថៃ បន្ទាប់ពីជំនួបកាលពីពេលថ្មីៗនេះជាមួយសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំប្រទេសថៃ។ នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាម៉េរិក រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ គ្រោងជួបពិភាក្សាជាមួយគណៈកម្មាធិការទទួលបន្ទុកគោលនយោបាយពន្ធ នៃរដ្ឋសភា គណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភា គណៈកម្មាធិការទំនាក់ទំនងបរទេស នៃព្រឹទ្ធសភា សភាពាណិជ្ជកម្មសហរដ្ឋអាម៉េរិក និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន ផងដែរ។ លោកបានបន្តថា ក្រសួងពាណិជ្ជកម្មថៃ ក៏នឹងចាត់វិធានការសំខាន់ៗ ដើម្បីដកប្រទេសថៃ ចេញពីបញ្ជីឃ្លាំមើលសកម្មភាពពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកផងដែរ។
នៅក្នុងជំនួបពិភាក្សាជាមួយតំណាងសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំប្រទេសថៃ កាលពីថ្ងៃទី៦ ខែមករា លោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) បានគូសបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ក៏បានគូសបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មថៃ ក្នុងការបង្កើតបរិយាកាសអំណោយផលដល់ធុរកិច្ច ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចផងដែរ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានជំរុញលើកទឹកចិត្តឱ្យបណ្ដាវិនិយោគិនអាម៉េរិកពង្រីកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលមានសក្តានុពលនានាដូចជាបន្ទះឈីប និងមជ្ឈមណ្ឌលរក្សាទុកទិន្នន័យជាដើម។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសថៃ បានផ្ដល់គោលការណ៍ណែនាំសម្រាប់រដ្ឋាភិបាលថៃ ដោយជំរុញឱ្យជួយសម្របសម្រួលធុរកិច្ចឱ្យកាន់តែប្រសើរឡើង និងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគដែលមានភាពអំណោយផលជាងមុន។ សភាពាណិជ្ជកម្មអាម៉េរិកប្រចាំប្រទេសថៃ ក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយប្រទេសផ្សេងៗទៀត និងពង្រីកកម្មវិធីប្រព័ន្ធអនុគ្រោះទូទៅ GSP របស់សហរដ្ឋអាម៉េរិកផងដែរ ដើម្បីរក្សាប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងការប្រកួតប្រជែងក្នុងការនាំចេញ។
សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអាម៉េរិក ប្រចាំប្រទេសថៃ គ្រោងនឹងរៀបចំសន្និបាតពាណិជ្ជកម្ម និងការវិនិយោគថៃ-អាម៉េរិកប្រចាំឆ្នាំ២០២៥ នៅខែឧសភា ខាងមុខនេះ៕
ដោយ: តែម សុខុម