វិស័យសំណង់

ថៃ កំពុងជួបបញ្ហាតម្លៃសម្ភារសំណង់កើនឡើង ចុះតម្លៃសម្ភារសំណង់នៅកម្ពុជាវិញយ៉ាងម៉េចដែរ?


តម្លៃសម្ភារសំណង់នៅក្នុងប្រទេសថៃ ហាក់បង្ហាញសម្ទុះកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ដែលជំរុញឱ្យតម្លៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសនេះ បានហក់ឡើងថ្លៃបន្ថែមទៀត។ ស្របពេលដែលតម្លៃសម្ភារសំណង់នៅប្រទេសក្បែរខាងកម្ពុជា មានការកើនឡើង តើតម្លៃ និងទីផ្សារសម្ភារសំណាង់នៅកម្ពុជាវិញមានការប្រែប្រួលយ៉ាងណាដែរ ដ្បិតថា សម្ភារសំណង់មួយចំនួននៅកម្ពុជាត្រូវបាននាំចូលពីប្រទេសថៃ?
វិស័យសំណង់
ដោយ

លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនពិស្ណុការ ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ធំមួយនៅកម្ពុជា បានកត់សម្គាល់ឃើញថា តម្លៃសម្ភារសំណង់មួយចំនួននៅកម្ពុជា ហាក់មានការកើនឡើងតិចតួចផងដែរនៅមួយសប្តាហ៍ចុងក្រោយនេះ ជាក់ស្តែងដូចជាលើប្រភេទបេតុង និងស៊ីម៉ងត៍ជាដើម ដោយបច្ចុប្បន្នបេតុង១គូប បានកើនឡើងតម្លៃប្រមាណ១ដុល្លារ ខណៈស៊ីម៉ងត៍១តោន បានកើនឡើងតម្លៃចន្លោះពី៣ ទៅ៦ដុល្លារ។ ដោយឡែកសម្រាប់តម្លៃដែកវិញ អ្នកជំនាញរូបនេះវាយតម្លៃថា គឺមិនមានការប្រែប្រួលនោះទេ។ លោក ឃូ សុខឡៃ បានវាយតម្លៃថា ការកើនឡើងសម្ភារសំណង់មួយចំនួននាពេលនេះ អាចបណ្តាលមកពីឥទ្ធិពលនៃការឡើងថ្លៃសម្ភារសំណង់នៅប្រទេសថៃ។

ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានវាយតម្លៃថា តាមរយៈការកើនឡើងនូវតម្លៃសម្ភារសំណង់នៅទីផ្សារប្រទេសក្បែរខាងកម្ពុជា នេះ ចង់ ឬមិនចង់វានឹងជំរុញឱ្យតម្លៃសម្ភារសំណង់នៅកម្ពុជា មានការកើនឡើងដូចគ្នាដែរ ដ្បិតថា កម្ពុជា បាននាំចូលសម្ភារសំណង់មួយចំនួនពីប្រទេសថៃ ផងដែរ។ ក្រុមអ្នកជំនាញបានវាយតម្លៃថា កាលណាតម្លៃសម្ភារសំណង់នៅកម្ពុជា កើនឡើងនោះ វាអាចនឹងជះទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់វិស័យសំណង់នៅកម្ពុជា ពោលគឺកាលណាតម្លៃកើនឡើង តម្រូវការនឹងកើនឡើងដែលជំរុញឱ្យវិស័យនេះមានសម្ទុះកម្រើកឡើងវិញ ក៏ប៉ុន្តែវាអាចប៉ះពាល់ទៅដល់ការចំណាយថ្លៃដើមមួយចំនួននៅក្នុងវិស័យសំណង់ផងដែរ។

គួរជម្រាបថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការនាំចូលដែក និងដែកថែប ដើម្បីបម្រើដល់ការសាងសង់របស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជាង៨៤២លានដុល្លារ កើនឡើងប្រមាណជាង៦៨% បើធៀបនឹងឆ្នាំ២០២៣ ខណៈការនាំចូលស៊ីម៉ង់ត៍មានទំហំទឹកប្រាក់ប្រមាណជាង១៦លានដុល្លារ ថយចុះប្រមាណជាង១៦%។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


តើការគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈរបស់កម្ពុជា មានប្រសិទ្ធភាពកម្រិតណាដែរ?

ការខ្ចីបំណុលរបស់រដ្ឋាភិបាលកម្ពុជា ពីប្រទេស និងស្ថាប័នដៃគូនានា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងនៅក្នុងឆ្នាំ២០២៥ នេះ រាជរដ្ឋាភ…

ជាថ្មីម្តងទៀត Vietjet ត្រូវបានបានផ្តល់កិត្តិយសជា "ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូនតម្លៃសំបុត្រទាបល្អបំផុតរបស់ពិភពលោក"

(ភ្នំពេញ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥) – Vietjet ត្រូវបានដាក់ឈ្មោះថាជា "ក្រុមហ៊ុនអាកាសចរណ៍ដែលផ្តល់តម្លៃសំបុត្រទាបបំផុត" សម្រាប់ឆ្នាំ ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ