ឥទ្ធិពេលនៃបញ្ហាមេរោគ Covid-19 បានធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យទេសចរណ៍ថៃ នៅក្នុងរយៈពេល ៣ខែដំបូងឆ្នាំ ២០២០នេះ ខណៈដែលប្រភពទីផ្សារទេសចរណ៍ទាំងអស់របស់ប្រទេសនេះ ក៏ប្រឈមនឹងការថយចុះដូចគ្នាដែរ។
ភ្ញៀវទេសចរជនជាតិចិន បានផ្ដល់ប្រាក់ចំណូលសម្រាប់វិស័យទេសចរណ៍ថៃជាង ១,៧ ពាន់លានដុល្លារអាមេរិក ហើយទេសចរជនជាតិចិនទាំងនោះ ក៏នៅតែមានចំណែកទីផ្សារធំ បើទោះបីជាមានការរងផលប៉ះពាល់ នៃការធ្លាក់ចុះ ៦៣,៧% នៅក្នុងរយៈពេល ១ត្រីមាសកន្លមកនេះ ធៀបនឹងត្រីមាសទី១ កាលពីឆ្នាំមុនក៏ដោយ ដែលនេះ គឺជាធ្លាក់ចុះដ៏សម្បើមក្នុងចំណោមទីផ្សារទេសចរណ៍កំពូលទាំង៥ របស់ថៃ។
ទេសចរពីប្រទេសរុស្ស៊ី, អង់គ្លេស, ម៉ាឡេស៊ី, និងជប៉ុន គឺឈរក្នុងលំដាប់ទីផ្សារកំពូលទី២ ដល់ទី៥ របស់ថៃ បន្ទាប់ពីប្រទេសចិន ក្នុងក្របខណ្ឌនៃប្រាក់ចំណូល ដែលបានមកពីភ្ញៀវទេសចរ។ ទីផ្សារទាំង ៤នេះ គឺមានការធ្លាក់ចុះ តិចជាង ៥០% ព្រោះតែការធ្វើដំណើរមិនទាន់ជាប់គាំងនៅឡើយកាលពីខែមករា។
ភ្ញៀវទេសចរដែលបានធ្វើដំណើរចូលប្រទេសថៃ នៅក្នុងត្រីមាសទី ១នេះ មានចំនួន ៦,៧ លាននាក់ ធ្លាក់ចុះ ៣៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរ យ៉ាងហោចណាស់ ៤,០៩ លាននាក់ ដោយសារតែមានការរឹតដ្បិតការធ្វើដំណើរ ដែលត្រូវបានដាក់ចេញក្នុងខែមីនា។
តួលេខកាលពីខែមីនា បានបង្ហាញពីការធ្លាក់ចុះបន្ថែមទៀត ដែលនឹងកើតមានក្នុងត្រីមាសទី២ ដោយសារតែក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារ បិទទ្វារ ហើយវានឹងធ្វើឲ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះ ៧៦,១% ដែលមកនូវត្រឹមចំនួន ជាង ៨៣ ម៉ឺននាក់ប៉ុណ្ណោះ នៅក្នុងខែមីនា។
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងកីឡាថៃ លោក Phiphat Ratchakitprakarn បាននិយាយថា ឧស្សាហកម្មទេសចរណ៍នេះ នឹងនៅបន្ដធ្លាក់ចុះទៀត នៅត្រីមាសទី ២ ខាងមុខ ដោយសារតែសកម្មភាពទាក់ទងនឹងវិស័យទេសចរណ៍ទាំងអស់ ត្រូវបានបញ្ឈប់ ហើយទំនងជាមិនអាចដំណើរការឡើងវិញបានទេ ដរាបណាតែ មេរោគរាតត្បាតនេះ ត្រូវបានគ្រប់គ្រងជាស្ថាពរ។
លោក Phiphat បាននិយាយទៀតថា លោកនឹងដាក់សំណើទៅកាន់គណៈរដ្ឋមន្ត្រី សម្រាប់មូលនិធិសន្ដិសុខសង្គម ដើម្បីជួយដល់អ្នកធ្វើការងារក្នុងវិស័យទេសចរណ៍ ដោយគាំទ្រឲ្យពួកគេទទួលបាន ខែ ៦២% នៃប្រាក់ខែសរុបរបស់ពួកគេ នៅពេលដែលនិយោជកបិទអាជីវកម្ម ដោយគ្មានបទបញ្ជាផ្លូវការពីរដ្ឋ៕