លោក Anutin Chanvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយបន្ទាប់ពីបានប្រជុំជាមួយនឹងគណៈកម្មាធិការជាតិស្ដីពីជំងឺឆ្លងថា «យើងនឹងមិនបានឃើញនូវចំណុចណាមួយក្នុងការបិទខ្ទប់ (Lockdown) សម្រាប់ពេលនេះនោះទេ»។
លោក Anutin បន្ថែមទៀតថា «វដ្ដនៃជំងឺបច្ចុប្បន្នមានរយៈពេលតែ១សប្ដាហ៍ប៉ុណ្ណោះ ហើយយើងមានកិច្ចសហការល្អពីអ្នកពាក់ព័ន្ធទាំងអស់។ អ្វីដែលយើងត្រូវការមើលនាពេលនេះ គឺធ្វើយ៉ាងឲ្យមានការចល័តធ្វើដំណើរតិចជាងមុន។ ប្រសិនបើយើងអាចធ្វើបាន យើងនឹងមើលឃើញពីការថយចុះនៃការឆ្លងថ្មីនៅខែក្រោយនេះ»។
នៅប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃ បានរកឃើញជាង ១.៥០០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនដល់ជិត ៤ម៉ឺននាក់ហើយ។
គណៈកម្មាធិការជាតិស្ដីពីជំងឺឆ្លងថៃ បានសម្រេចស្នើទៅកាន់រដ្ឋាភិបាល ឲ្យមានការហាមឃាត់ការផឹកស៊ីនៅក្នុងភោជនីយដ្ឋាននៅទូទាំងប្រទេ ហាមឃាត់ការជួបជុំដែលមានមនុស្សច្រើន រួមទាំងស្នើឲ្យសាលា និងសាកលវិទ្យាល័យ ទូទាំងប្រទេសឲ្យបង្រៀនតាមអនឡាញវិញ។
បច្ចុប្បន្ន មានខេត្តចំនួន ១៨ នៅក្នុងប្រទេសថៃ កំពុងស្ថិតនៅក្នុងតំបន់ដែលមានហានិភ័យឆ្លងខ្ពស់។ យ៉ាងណាមិញ ក្នុងករណីឆ្លងថ្មីនៅថ្ងៃសុក្រទី ១៦ ខែមេសា ដែលមានចំនួន ១៥.៨២នាក់នោះ គឺរកឃើញនៅក្នុងខេត្តចំនួន ៦៦ ខេត្ត និងករណីនាំចូលចំនួន៥ករណី។ ក្នុងករណីនាំចូល៥ករណីនោះ ក៏មានមួយករណី នាំចូលពីប្រទេសកម្ពុជាផងដែរ។
ទោះយ៉ាងណា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ នៅក្នុងប្រទេសថៃ គឺមិនទាន់មានការកើនឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលគឺនៅមានត្រឹម ៩៧នាក់ប៉ុណ្ណោះ៕