លោក វាតាណាសាក់ សួររាម ( Wattanasak Sur-iam) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មថៃបានប្រាប់បាងកកប៉ុស្តិ៍ថា អគ្គនាយកដ្ឋាននេះ នឹងសហការជាមួយសមាគមអ្នកចិញ្ចឹមជ្រូកថៃ និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ដើម្បីធ្វើយុទ្ធនាការ ជួយលើកកម្ពស់តម្លៃសាច់ជ្រូក ដោយសារការផលិតជ្រូករស់បច្ចុប្បន្នកំពុងតែលើសតម្រូវការ។ តាមការគ្រោងទុកនៅក្នុង១ថ្ងៃ ថៃគ្រោងបញ្ចេញជ្រូករស់ត្រឹមតែ៨ពាន់ក្បាលប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្ន គឺជាមធ្យមថៃ បញ្ចេញជ្រូករស់ពី៥ម៉ឺន ទៅ៥ម៉ឺន៨ពាន់ក្បាលចូលទីផ្សារ។
បច្ចុប្បន្នអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុកកំពុងស្វែងរកកិច្ចសហការពីហាងលក់ដុំ និងរាយ និងហាងលក់ទំនិញនានា ដើម្បីជួយកាត់បន្ថយការខាតបង់របស់កសិករ ដោយសារតម្លៃទិញទាបនៅកសិដ្ឋាន។ នៅលើទីផ្សារនៅពេលនេះសាច់ជ្រូកមួយគីឡូក្រាម មានតម្លៃថោកជាង ១៣០បាត ឫប្រមាណជា៣,៦៤ដុល្លារប៉ុណ្ណោះ។
លោក វាតាណាសាក់ បាននិយាយថា តម្លៃជ្រូករស់នៅកសិដ្ឋានបច្ចុប្បន្ន គឺមានតម្លៃត្រឹម២ដុល្លារ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ពោលគឺទាបជាងតម្លៃផលិតកម្មប៉ាន់ស្មាន របស់ការិយាល័យសេដ្ឋកិច្ចកសិកម្មរបស់រដ្ឋាភិបាលទៅទៀត។ តាមការរំពឹងទុកការកាត់បន្ថយផលិតកម្មជ្រូកនឹងធ្វើឱ្យតម្លៃកើនឡើង ខណៈដែលអគ្គនាយកដ្ឋានក៏នឹងជួយកាត់បន្ថយថ្លៃដើមផលិតកម្មផងដែរ ជាពិសេសតម្លៃចំណីជ្រូក ដើម្បីឱ្យកសិករអាចរស់បាន។
លោក ចក្រា យុទ្ធម៉ានី ( Chakra Yodmani ) អគ្គនាយករងនៃអគ្គនាយកដ្ឋានជំនាញដដែលនេះបាននិយាយថា អគ្គនាយកដ្ឋានកំពុងពិភាក្សាជាមួយសមាគមរោងចក្រផលិតចំណីសត្វថៃ ដើម្បីតាមដានតម្លៃវត្ថុធាតុដើមសម្រាប់ចំណីសត្វ៕
ដោយៈ សរ សុជាតិ