ក្រសួងសុខាភិបាលថៃបាននិយាយថា ការលាយបញ្ជូលគ្នា រវាង Sinovac និង AstraZeneca បានបង្កើនភាពស៊ាំដល់កម្រិតមួយដូចការចាក់វ៉ាក់សាំង AstraZeneca ពីរដូសដែរ។ ទន្ទឹមនេះ វាអាចពន្លឿនល្បឿនការចាក់វ៉ាក់សាំងនៅក្នុងប្រទេសនេះថែមទៀត សូមបញ្ជាក់ថា ពលរដ្ឋថៃអាចចាក់វ៉ាក់សាំង ដូសទី២ AstraZeneca បន្ទាប់ពីចាក់ដូសទី១ Sinovac បានរយៈពេល១ខែ។ នេះបើយោងតាមមជ្ឍមណ្ឌលគ្រប់គ្រងកូវីដថៃ។
លេខាអចិន្ត្រៃយ៍សុខភាពសាធារណៈថៃ លោក Kiatiphum Wongrajit បានឱ្យដឹងថា ការលាយវ៉ាក់សាំងបញ្ជូលគ្នានេះ នឹងត្រូវប្រើសម្រាប់ការចាក់វ៉ាក់សាំងភាគច្រើនក្នុងប្រទេសថៃ។
គួរឱ្យកត់សម្គាល់ថា ការអនុញ្ញាតឱ្យមានការចាក់វ៉ាក់សាំងលាយគ្នានេះ ក្រោយពេលគេរកឃើញប្រព័ន្ធការពារមេរោគរបស់វ៉ាក់សាំង Sinovac មានការថមថយចុះ និងបានបង្កឱ្យមានការព្រួយបារម្ភពីមេរោគបំប្លែងថ្មីឌែលតា។
យ៉ាងណាមិញ នៅថៃកាលពីដើមសប្តាហ៍នេះ ក្នុងអំឡុងពេលជជែកដេញដោលគ្នាក្នុងរដ្ឋសភាថៃ ស្តីពីវិបត្តិមេរោគឆ្លង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់សមាជិកសភាថា កុំឱ្យរិះគន់វ៉ាក់សាំងចិន Sinovac ដើម្បីការពារពលរដ្ឋថៃ និងជៀសវាងការបង្កភាពមិនចុះសម្រុងដល់ទំនាក់ទំនងថៃ-ចិន។
ទន្ទឹមនេះគួរឱ្យដឹងថា តម្រូវការប្រើប្រាស់វ៉ាក់សាំងចិន ស៊ីណូវ៉ាក់នៅប្រទេសថៃអាចនឹងការធ្លាក់ចុះ ស្របពេលដែល ថៃបានជ្រើសរើសវ៉ាក់សាំង ប្រភេទ AstraZeneca និង Pfizer ដើម្បីប្រើប្រាស់ជាដូសជំរុញដើម្បីចាក់ជូនដល់ពលរដ្ឋរបស់ខ្លួនប្រមាណ៣លាននាក់។
សូមរំឮកថា កាលពីខែកក្កដា ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលលាយវ៉ាក់សាំងចិន និងវ៉ាក់សាំងបង្កើតដោយប្រទេសលោកខាងលិច ដើម្បីចាក់ជូនពលរដ្ឋរបស់ខ្លួន ខណៈប្រទេសនេះ បានជួបឧបសគ្គក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ហើយចំពេលចំនួនឆ្លង និងស្លាប់មានការកើនឡើងកាន់តែច្រើន។ យ៉ាងណាមិញរហូតមកដល់ពេលនេះ ពលរដ្ឋថៃប្រមាណជាង ១៣% នៃពលរដ្ឋសរុប ៦៦លាននាក់ ទើបតែទទួលបានវ៉ាក់សាំងគ្រប់២ដូសប៉ុណ្ណោះ។
សូមបញ្ជាក់ថា ប្រទេសថៃមានអ្នកឆ្លងកូវីដ-១៩សរុប ជាង១លាន២សែននាក់ហើយ និងមានអ្នកស្លាប់សរុបជាង១ម៉ឺន២ពាន់នាក់ ដោយក្នុងនោះ មេរោគកូវីដ-១៩ ដែលបាននិងកំពុងលុកលុយខ្លាំងនៅប្រទេសថៃ គឺជាប្រភេទមេរោគបំប្លែងថ្មី អាល់ហ្វា និងឌែលតា៕
អត្ថបទ៖ ស៊ើង និមល់