ថៃនិងអារ៉ាប៊ីសាអូឌីតភ្ជាប់ការទូតនឹងគ្នាវិញ

ថៃ និងអារ៉ាប៊ីសាអូឌីតភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយផ្អាកដោយសារជម្លោះជាង៣ទសវត្សរ៍


ប្រទេសថៃនិងអារ៉ាប៊ីសាអូឌីត បានព្រមព្រៀងគ្នាដើម្បីភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ក្រោយមានជម្លោះអស់ពេលជាង៣០ឆ្នាំ។ ការយល់ព្រមនេះ ធ្វើឡើងក្នុងជំនួបជាប្រវត្តិសាស្ត្រ រវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ គ្រាដែលនាយករដ្ឋមន្ត្រីថៃបានធ្វើទស្សនកិច្ចជាលើកដំបូងទៅអារ៉ាប៊ីសាអូឌីតក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរតំណាងទូតទៅកាន់ប្រទេសនីមួយៗក្នុងពេលឆាប់ខាងមុខ។ នេះបើតាមការចុះផ្សាយ សារព័ត៌មានជប៉ុន Nikkei។
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេត ប៊ីន សាលម៉ាន់(Mohammed bin Salman)

សេចក្តីថ្លែងការណ៍​រួម​មួយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​និយាយ​ថា ព្រះ​អង្គ​ម្ចាស់​រាជទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​មេ​ត ប៊ី​ន សាល​ម៉ា​ន់​(Mohammed bin Salman) និង​នាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​យល់​ស្រប​លើ​ការ​តែងតាំង​ឯកអគ្គរដ្ឋទូត​នា​ពេល​ខាង​មុខ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ទន្ទឹម​នេះ ក្រុមហ៊ុន​អាកាសចរណ៍​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ប្រកាស​នៅ​ក្នុង​សារ Twitter កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​ថា ខ្លួន​នឹង​ចាប់ផ្តើម​ជើងហោះហើរ​ត្រង់​ទៅ​កាន់​ប្រទេស​ថៃ​ឡើង​វិញ​នៅ​ក្នុង​ខែឧសភា​ឆ្នាំ​២០២២​នេះ​។

គួរ​ជម្រាប​ថា នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នា​ថ្ងៃ​អង្គារ​ទី​២៥ មក​រា ឆ្នាំ​២០២២​។ ទស្សនកិច្ច​នេះ​ចាត់​ទុក​ថា​ជា​ករណី​ដ៏​កម្រ ក៏​ព្រោះតែ​វា​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​ថៃ​ទៅ​កាន់​ប្រទេស​អា​រ៉ាប់​មួយ​នេះ ក្រោយ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ការទូត​នឹង​គ្នា​ជាង ៣​ទសវត្សរ៍​មក​ហើយ ជុំវិញ​ករណី​លួច​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​ពី​រាជវាំង​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។

គេ​នៅ​ចាំ​បាន​ថា ភាព​តានតឹង​ផ្នែក​កា​ទូត​រវាង​ទីក្រុង​រី​យ៉ា​ដ និង​ក្រុង​បាងកក​បាន​ចាប់​ផ្ទុះ​ឡើង​តាំងពី​ឆ្នាំ​១៩៨៩​មក​ម្ល៉េះ បន្ទាប់​ពី​បុរស​ជនជាតិ​ថៃ​ម្នាក់​ដែល​ធ្វើការ​នៅ​ក្នុង​វាំង​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​លួច​គ្រឿងអលង្ការ និង​ត្បូង​មាន​តម្លៃ​រហូត​ដល់​ជាង​២០​លាន​ដុល្លារ​របស់​ព្រះ​អង្គ​ម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត កាល​ជំនាន់​នោះ​។ ជម្លោះ​ការទូត​ដ៏​ល្បី​រន្ទឺ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​ពិភពលោក​ទទួលស្គាល់​ឈ្មោះ​ថា សំណុំរឿង​ត្បូង​ពេជ្រ​ពណ៌​ខៀវ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា «Blue Diamond Affair»​។

មួយ​ឆ្នាំ​ក្រោយ​នៃ​ករណី​លួច​ត្បូង​ពេជ្រ​ពណ៌​ខៀវ​នេះ ក៏​មាន​មន្ត្រី​ការទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​៣​នាក់​នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​គេ​សម្លាប់​នៅ​បី​កន្លែង​ផ្សេង​ៗ​គ្នា ក្នុង​ពេល​តែ​១​យប់​ប៉ុណ្ណោះ​។

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍​ពី​ក្រសួងការបរទេស​ថៃ បាន​និយាយ​ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចារ បាន​សម្តែង​ការ​សោកស្តាយ​ដោយ​ស្មោះ ចំពោះ​ឧបទ្ទវហេតុ​បាត់​ត្បូង​មាន​តម្លៃ និង​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​រី​យា​ដ មិន​បញ្ជូន​អគ្គរាជទូត​មក​កាន់​ប្រទេស​ថៃ​ជា​ច្រើន​ឆ្នាំ និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ថែម​ទៀត​ផង​។  សេចក្តីថ្លែងការណ៍​បាន​បន្ត​ថា    រដ្ឋាភិបាល​ថៃ​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី លើក​សំណុំរឿង​នេះ​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ករណី​មាន​ភស្តុ​តាង​ពាក់ព័ន្ធ​ថ្មី​ៗ​។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ ត្បូង​មាន​តម្លៃ​មួយ​ចំនួន​ធំ​រួម​ទាំង​ត្បូង​ពេជ្រ​ពណ៌​ខៀវ​ដ៏​កម្រ​ទំហំ ៥០​កា​រ៉ាត់ នៅ​មិន​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅឡើយ​ទេ​។

ប្រទេស​ថៃ​បាន​ខ្នះខ្នែង​មែនទែន ក្នុង​ការ​ប៉ះប៉ូវ​ទំនាក់​ជាមួយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ជា​ប្រទេស​សម្បូរ​ដោយ​ប្រេង បន្ទាប់​ពី​ជម្លោះ​ផ្នែក​ការទូត​កន្លង​មក បាន​ធ្វើ​ឱ្យ​ខាតបង់​ប្រាក់​ចំណូល​ពី​វិស័យ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រាប់​ពាន់​លាន​ដុល្លារ និង​ការ​បាត់បង់​ការងារ​សម្រាប់​ពលករ​ចំណាកស្រុក​របស់​ថៃ​រាប់​ម៉ឺន​នាក់​ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ត្រីទូតអាមេរិកចង់ចាកចេញពីប្រទេសចិន ក្រោមហេតុផលថា ចិនអនុវត្តគោលនយោបាយកូវីដ១៩តឹងរ៉ឹងពេក

ព័ត៌មាន
ក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងថ្លឹងថ្លែងមើលពីលទ្ធភាព ឲ្យមន្ត្រីការទូតអាមេរិក និងក្រុមគ្រួសាររបស់ពួកគេអាចចាកចេញពីប្រទេសចិនបានតាមការស្នើ…

តើមានគម្រោងធំៗអ្វីខ្លះបានលេចត្រដែតឡើងនិងកំពុងអភិវឌ្ឍន៍នៅភាគខាងជើងរាជធានីភ្នំពេញ?

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាលកម្ពុជាបានបាញ់ឆ្ពោះទៅអភិវឌ្ឍន៍គម្រោងអគារពាណិជ្ជកម្ម អគារលំនៅឋាន ផ្សារទំនើប …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ