ក្រោយពីមានកិច្ចប្រជុំពីសំណាក់រដ្ឋបាលមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ-១៩ នៅថ្ងៃចន្ទនេះ រាជរដ្ឋាភិបាលថៃបានសម្រេចដាក់ប្រទេសថៃក្នុងគ្រាអាសន្ន១ខែទៀត ពោលគឺរហូតដល់ថ្ងៃទី ៣១ ខែកក្កដា។
កិច្ចប្រជុំដោយរដ្ឋបាលមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ-១៩ គឺមានលោក ប្រយុទ្ធចាន់ អូចារ្យ នាយករដ្ឋមន្ត្រីថៃ ដឹកនាំការប្រជុំនោះ ដោយបានពិចារណាលើដំណាក់កាលទី៥ នៃការបន្ធូរបន្ថយនូវវិធានការចាក់សោរបិទប្រទេស, ស្ថានភាពក្នុងគ្រាអាសន្ន និងការបើកដំណើរការព្រំដែនឡើងវិញ ដើម្បីស្វាគមន៍ជនបរទេស។
តាមរយៈកិច្ចប្រជុំនេះ នៅចុងក្រោយ រដ្ឋបាលមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ-១៩ បានសម្រេចពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេល១ ខែទៀត ពោលគឺរហូតថ្ងៃទី ៣១ ខែកក្កដា ខណៈដែលការពន្យារពេលមុនថា នឹងបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ត្រឹមថ្ងៃទី ៣០ ខែមិថុនានេះប៉ុណ្ណោះ។
ទោះជាយ៉ាងណា ទន្ទឹមនឹងការសម្រេចពន្យារពេលដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ក៏មានការបន្ធូរបន្ថយសម្រាប់ដំណាក់កាលទី៥ផងដែរ ដោយសាលារៀន វិទ្យាស្ថាន អាជីវកម្មនានា ដូចជាហាងផឹកស៊ី បារ ទីតាំងកម្សាន្ដជាដើម នឹងត្រូវអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ០១ ខែកក្កដាតទៅ។
សូមបញ្ជាក់ថា ការពន្យារពេលបន្ថែមក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្នរបស់រដ្ឋាភិបាលថៃនាពេលនេះ គឺជាការពន្យារពេលលើកទី ៣ហើយ ដោយការពន្យារលើកទី១ គឺនៅខែឧសភា៕