តាមការរាយការណ៍ដោយសារព័ត៌មានបាងកកប៉ុស្ដិ៍ នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិរបស់ថៃ បានឱ្យដឹងថា ប្រទេសចិន បានហាមឃាត់ការនាំចូលមៀនពីប្រទេសថៃ ចាប់ពីថ្ងៃសុក្រទី ១៣ ខែសីហាតទៅ បន្ទាប់ពីរកឃើញថា ផ្លែមៀនដែលនាំចូលពីថៃ មានសត្វល្អិតចង្រៃ នៅលើផ្លែមៀនទាំងនោះ។
បើតាមប្រភពដដែល អគ្គនាយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃ លោក សុមដេត ស៊ូសុមបូន (Smdet Susomboon) បាននិយាយថា រដ្ឋាភិបាលចិនបានដាក់ការហាមឃាត់នាំចូលផ្លែមៀនពីថៃ ពីព្រោះតែមានការរកឃើញសត្វល្អិតចង្រៃនៅក្នុងផ្លែមៀនទាំងនោះ។ លោក សុមដេត បន្ថែមថា លោកបានចាត់តាំងអ្នកតំណាងពាណិជ្ជកម្ម នៅក្នុងប្រទេសចិនចរចាពន្យារពេលការផ្អាកនាំចេញនេះសិន ដោយសារតែបម្រាមនេះត្រូវបានដាក់ចេញលឿនរហ័សពេក។ បើតាមអគ្គនាយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃរូបនេះ ប្រសិនបើការចរចាបរាជ័យ ផ្លែមៀនរបស់ថៃនឹងត្រូវជួបផលប៉ះពាល់ ព្រោះថា មាន៧០-៨០ភាគរយ នៃមៀននាំចេញរបស់ថៃ គឺនាំទៅកាន់ទីផ្សារចិន។ ទន្ទឹមនោះ នាយកដ្ឋាន ក៏នឹងស្វែងរកទីផ្សារសក្ដានុពល នៅអាស៊ីអាគ្នេយ៍ ដើម្បីជំនួសទីផ្សារចិនផងដែរ។
ស្របពេលដែលការនាំចេញផ្លែមៀនរបស់ថៃទៅចិនត្រូវបានហាមឃាត់ យើងងាកមកមើលទីផ្សារមៀនប៉ៃលិនរបស់កម្ពុជាឯណេះវិញ ក៏កំពុងជួបបញ្ហាដែរ។ បញ្ហាដោយសារតែ ថែបានផ្អាកការនាំចូលផ្លែមៀនប៉ៃលិនពីកម្ពុជា ខណៈដែលប្រទេសនេះ គឺជាជាទីផ្សារធំសម្រាប់ផ្លែមៀនប៉ៃលិនរបស់កម្ពុជា។
លោក សួន ជុំ អនុគណៈកម្មាការធិការដំណាំមៀនប៉ៃលិន កំពុងមានការព្រួយបារម្ភខ្លាំង បន្ទាប់ពីចូលដល់រដូវប្រមូលផលផ្លែមៀនប៉ៃលិន បែរជាភាគីថៃ បិទការនាំចូលទៅវិញ។
យ៉ាងណាក៏ដោយ លោក សួន ជុំ រួមនឹងកសិករដទៃ ក៏បានធ្វើលិខិតស្នើទៅក្រសួងពាក់ព័ន្ធ ឱ្យជួយដោះស្រាយ ក្រោយទទួលដំណឹងថា ខាងភាគីថៃ មិនអនុញ្ញាតឱ្យនាំចូលផ្លែមៀន តែនៅមិនទាន់មានដំណោះស្រាយណាមួយនៅឡើយទេ។ លោក សួន ជុំ បានបញ្ជាក់ថា ដោយសារនេះ ទើបចូលដល់រដូវចាប់ផ្ដើមប្រមូលផលផ្លែមៀន ប៉ុណ្ណោះ ទើបកសិករមិនទាន់ប៉ះពាល់ខ្លាំង។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្ម បានផ្ញើលិខិតចរចាជាមួយថៃ ដើម្បីបើកទីផ្សារនាំចូលមៀនកម្ពុជា ទៅប្រទេសថៃ តាំងពីថ្ងៃ១៦ សីហា ឆ្នាំ២០១៩ ម្លេះ តែរហូតមកទល់ពេលនេះ ការចរចារមិនទាន់សម្រេចលទ្ធផលឯកភាពគ្នាស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀន ទៅថៃនៅឡើយទេ។ ទន្ទឹមនោះ កម្ពុជា ក៏បានផ្ញើលិខិតចរចាជាមួយចិនដែរ ដើម្បីនាំចូលផ្លែមៀនប៉ែលិនកម្ពុជា ទៅចិន កាលពីថ្ងៃ៥ មិថុនា ឆ្នាំ២០១៩ តែចិនក៏មិនទាន់សម្រេចលទ្ធផលឯកភាពដែរ។
ដើម្បីសម្រួលដល់កសិករខ្មែរ និងកាត់បន្ថយផលប៉ះពាល់ ដោយសារបញ្ហានេះ ក្រសួងកសិកម្ម កម្ពុជាបានគិតគូរពិចារណាបង្វែទិសដៅនាំចេញផ្លែមៀនប៉ៃលិនពីថៃ ទៅប្រទេសវៀតណាមវិញ។ ប៉ុន្តែ ដោយវិធានការបង្វែទិសដៅនាំចេញនេះ ស្ថិតក្នុងដំណាក់ការរង់ចាំនៅឡើយ ក្រសួងកសិកម្ម ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ ផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃ ជួយទិញផ្លែមៀនខ្មែរ តាមលទ្ធភាពរៀងៗខ្លួនផង៕
អត្ថបទ៖ ខន ណារី