ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យ ហ្វូតាន បានបង្កើតបច្ចេកវិទ្យាគីមីថ្មី ដែលអាចបំប្លែងសំណល់ប្លាស្ទិកទូទៅដូចជាប៉ូលីអេទីឡែន និងប៉ូលីប្រូពីឡែនទៅជាប្រេងឥន្ធនៈសម្រាប់ចាក់យន្តហោះ។ ប្លាស្ទិកទាំងនេះមានចំនួនជាង៦០% នៃសំណល់ប្លាស្ទិកសរុបរបស់ពិភពលោក ហើយពិបាកកែច្នៃខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ អ្នកស្រាវជ្រាវបានបង្កើតកាតាលីករថ្មីមួយ ដែលអាចបំបែកប្លាស្ទិក និងបំប្លែងវាទៅជាអ៊ីដ្រូកាបូនសម្រាប់ផលិតប្រេងយន្តហោះបានយ៉ាងមានប្រសិទ្ធភាព។
ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍បង្ហាញថា បច្ចេកវិទ្យានេះអាចផលិតប្រេងឥន្ធនៈរាវបានជាង៨២% ខណៈ៧៩% គឺជាប្រេងដែលមានគុណភាពសមស្របសម្រាប់វិស័យអាកាសចរណ៍។ ខុសពីបច្ចេកវិទ្យាចាស់ៗដែលត្រូវការលោហៈមានតម្លៃថ្លៃ បច្ចេកវិទ្យាថ្មីនេះប្រើនីគែល និងកូបាល់ ដែលមានតម្លៃទាប និងងាយរកបាន ដែលអាចជួយកាត់បន្ថយថ្លៃដើម និងបើកផ្លូវទៅរកការផលិតទ្រង់ទ្រាយធំនាពេលអនាគត។
ទោះជាយ៉ាងណាអ្នកស្រាវជ្រាវបានបញ្ជាក់ថា បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ ហើយត្រូវការការអភិវឌ្ឍបន្ថែមទៀតមុននឹងអាចប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម។ ប្រសិនបើទទួលបានជោគជ័យ បច្ចេកវិទ្យានេះនឹងវាអាចកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់បានរហូតដល់ ៨០% បើធៀបនឹងការផលិតប្រេងយន្តហោះតាមវិធីបែបប្រពៃណី ហើយអាចក្លាយជាដំណោះស្រាយថ្មីសម្រាប់បញ្ហាសំណល់ប្លាស្ទិក និងថាមពលស្អាតនៅទូទាំងពិភពលោក៕
ដោយ: តែម សុខុម