តាមអ្វីដែលជាផែនការបស់ថៃ ការទាក់ទាញជនបទេសដែលមានទ្រព្យសម្បត្តិច្រើនឲ្យមករស់នៅក្នុងប្រទេសខ្លួននេះ គឺនឹងធ្វើតាមរយៈការផ្តល់អត្ថប្រយោជន៍ដល់ពួកគេ រួមមាន ការដែលអាចជួលផ្ទះក្នុងរយៈពេលវែងព្រមទាំងការលើកលែងពន្ធលើប្រាក់ចំណូល ប្រសិនបើជនបរទេសទាំងនោះ មកធ្វើការងារនៅក្នុងប្រទេសថៃជាដើម។ ប៉ុន្តែអ្នកវិភាគមិនប្រាកដនោះទេថា គម្រោងនេះអាចប្រកួតប្រជែងជាមួយ និងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបាន ឬយ៉ាងណា ដោយសារប្រទេសទាំងពីរនេះក៏មានផែនការស្រដៀងគ្នានេះដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
មួយរយៈមុន គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការជំរុញសេដ្ឋកិច្ច និងវិនិយោគ ដើម្បីទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន ឲ្យចូលមកស្នាក់នៅប្រទេសថៃក្នុងរយៈពេលវែង ដោយក្នុងនោះ ថៃគោលដៅទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើនឱ្យបាន ១ លាននាក់ ក្នុងរយៈពេល ៥ ឆ្នាំ។
នេះគឺជាយុទ្ធបែបថ្មីរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញវិនិយោគិនបរទេសមកកាន់ប្រទេសឲ្យកាន់តែច្រើនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួនបន្ទាប់ពីរងការខ្ទេចខ្ទំដោយសារកូវីដ១៩។
ជុំវិញគម្រោងខាងលើនេះ អ្នកតាមដានព្រឹត្តិការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេសថៃបានអះអាងថា វាអាចនឹងពិបាកសម្រាប់រដ្ឋាភិបាលថៃ ដើម្បីសម្រេចគម្រោងមួយនេះ។
ទី១គឺការដែលគេអនុញ្ញាតឲ្យជនបរទេសជួលផ្ទះ ឬអចលនទ្រព្យយូរពេក វាអាចនឹងជះឥទ្ធិពលដល់សិទ្ធិទទួលបានផលប្រយោជន៍ និងសិទ្ធិកាន់កាប់របស់ពលរដ្ឋម្ចាស់ប្រទេស។
ទី២គឺប្រទេសថៃពិបាកនឹងប្រជែងជាមួយគម្រោងស្រដៀងគ្នានេះ ដែលប្រទេសក្បែរខាងថៃដូចជាម៉ាឡេស៊ី និងសិង្ហបុរីក៏កំពុងអនុវត្តវិធីសាស្ត្រនេះដូចគ្នាដែរ។
សូមជម្រាប នៅប្រទេសម៉ាឡេស៊ីមានគម្រោងស្រដៀងគ្នានេះ ដែលគេបានឲ្យឈ្មោះថា «Malaysia My Second Home» ឬមានន័យជាភាសាខ្មែរថា ម៉ាឡេស៊ីផ្ទះទី២របស់ខ្ញុំ។ គម្រោងនេះទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់ ដោយរដ្ឋាភិបាលក្រុងកូឡាឡាំពួរ បានផ្តោតទៅលើការទាក់ទាញជនបរទេសដែលចូលនិវត្តន៍ មករស់នៅក្នុងប្រទេសខ្លួន។ បន្ថែមពីលើនេះ ថៃត្រូវរត់ប្រណាំងជាមួយគម្រោងរបស់សិង្ហបុរីមួយទៀត ដែលកន្លងមកប្រទេសរីកចម្រើនជាងគេនៅអាស៊ានមួយនេះ បានទាក់ទាញយកអ្នកវិនិយោគគ្រាក់ៗជាច្រើនឲ្យចូលមកក្នុងប្រទេសខ្លួន៕