ចំពោះអាជីវកម្មដែលត្រូវបានជ្រើសរើសអនុវត្តនៅក្នុងវិធានការថ្មីនេះ ស្ថាប័នទាំងពីរ គឺសហព័ន្ធឧស្សាហកម្មថៃ និងធនាគារកណ្ដាលថៃ Bank of Thailand នឹងជ្រើសរើសយកក្រុមហ៊ុនមានភាពប្រកួតប្រជែងខ្លាំងចំនួន៥០ ពីវិស័យឧស្សាហកម្មចំនួន៥ ដូចជាផ្នែកយានយន្ដ, កៅស៊ូ, ចំណីអាហារ និងការផលិតចំណីអាហារ, សម្ភារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិក, និងគ្រឿងសង្ហារឹមជាដើម។
មិនតែប៉ុណ្ណោះ សហគ្រាសទាំងនេះ ត្រូវតែមានសមត្ថភាពក្នុងការអភិវឌ្ឍខ្លួនដើម្បីអាចឈរជើងបានរឹងមាំនៅក្នុងទីផ្សារក្រៅប្រទេស។
លោក ក្រាំង ក្រៃ ធៀននុកុល អនុប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធឧស្សាហកម្មថៃ បានបញ្ជាក់ថា វិធានការនេះ គឺជាគម្រោងសាកល្បង ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមថៃ នៅក្នុងទិដ្ឋភាពវិនិយោគក្រៅប្រទេស ដូចជាជួយលើផ្នែកហិរញ្ញវត្ថុ ទីផ្សារ និងបទប្បញ្ញត្តិគ្រប់គ្រងជាដើម។
លោកក្រាំងក្រៃ បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង៥០ ដែលត្រូវបានជ្រើសរើសនៅក្នុងគម្រោងនៃវិធានការថ្មីនេះ ត្រូវពង្រីកតម្លៃនាំចេញរបស់ពួកគេជារៀងរាល់ឆ្នាំ ទៅតាមការកំណត់របស់គម្រោង ហើយគេក៏គ្រោងនឹងពង្រីកគម្រោងនេះ ឲ្យកាន់តែធំ ដើម្បី ជួយដល់សហគ្រាសខ្នាតតូច និងមធ្យមកាន់តែច្រើនផងដែរនៅពេលខាងមុខ។
អ្នកជំនាញ បានមើលឃើញថា មានក្រុមហ៊ុនជាច្រើននៅប្រទេសថៃ បានមើលរំលងការពង្រីកប្រតិបត្តិការអាជីវកម្មជាអន្តរជាតិ ដោយសារតែពួកគេមានការលំបាកក្នុងការទទួលបានប្រាក់កម្ចីពីធនាគារពាណិជ្ជ។
បើតាមការបញ្ជាក់របស់អ្នកជំនាញ ធនាគារកណ្ដាលថៃ ក៏មានគម្រោងនឹងជជែកជាមួយធនាគារថៃផ្សេងទៀត អំពីវិធានការហិរញ្ញវត្ថុពិសេស ដើម្បីគាំទ្រដល់ប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស របស់សហគ្រាសខ្នាតតូច និងមធ្យមផងដែរ ខណៈដែលកន្លងមកសហគ្រាសខ្នាតតូច និងមធ្យម ចង់ទទួលបានប្រាក់កម្ចីការប្រាក់ទាប ប៉ុន្ដែ ធនាគារពាណិជ្ជមានការដាក់កម្រិតលក្ខខណ្ឌច្រើន ធ្វើឲ្យសហគ្រាសទាំងនោះ ត្រូវបោះបង់គម្រោងពង្រីកខ្លួននៅក្រៅប្រទេសចោលទៅវិញ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ មានគោលនយោបាយ គាំទ្រសហគ្រាសខ្នាតតូច និងមធ្យម ស្របតាមគំនិតផ្ដួចផ្ដើមគម្រោង Thailand 4.0 ខណៈដែលសហគ្រាសទាំងនេះ គឺមានចំណែកធំ និងត្រូវបានរំពឹងថា នឹងជំរុញដល់សេដ្ឋកិច្ចប្រទេសថៃយ៉ាងខ្លាំងនាពេលអនាគត៕