ប្រធានធនាគារកណ្តាលថៃ បានគូសបញ្ជាក់ថា វា ពិតជាត្រូវការពេលវេលាច្រើនឆ្នាំ ទើបវិស័យទេសចរណ៍នៅលើសកលលោក ត្រលប់មករកសភាពដើម ហើយពេលនោះ ទើប ថៃ អាចសម្រេចគោលដៅទាក់ទាញភ្ញៀវអន្តរជាតិ ៤០លាននាក់បាន។
ដោយឡែក នៅក្នុងឆ្នាំ ២០២០នេះ ថៃ រំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ តែ៨លាននាក់ប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៨០% ធៀបនឹងឆ្នាំ ២០១៩កន្លងទៅ។
បើតាម ក្រុមប្រឹក្សាទេសចរណ៍ថៃ បានលើកឡើងដែរថា ដោយសារតែរងគ្រោះដោយវិបត្តិកូវីដ-១៩ អស់រយៈពេលជាង ៦ខែមកនេះ អាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាង ៣០% បានបិទទ្វារ និងចាកចេញពីវិស័យមួយនេះហើយ នឹងមានអាជីវកម្មជាច្រើនទៀតកំពុងតែដើរតាមគន្លងនេះដែរ។
លើសពីនេះទៅទៀត វិស័យទេសចរណ៍ថៃ ត្រូវបានគេមើលឃើញថា កាន់តែទ្រុឌទ្រោមបន្ថែមទៀត នាពេលខាងមុខ ដែលធ្វើឲ្យអាជីវកម្មជាច្រើនសម្រេចឈប់ដំណើរការ និងចាប់ផ្តើមលក់ទ្រព្យសម្បត្តិរបស់ពួកគេ ដោយមិនរង់ចាំមើលពីភាពមិនច្បាស់លាស់នៃការងើបឡើងវិញនោះឡើយ។
សូមរម្លឹកបន្តិចថា សូម្បីតែ ក្រសួងទេសចរណ៍ និងកីឡាថៃ ក៏ធ្លាប់បានព្រមានថា បើសិនជាប្រទេសថៃ មិនបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ រហូតដល់ដំណាច់ឆ្នាំ ២០២០នេះ ពិតណាស់សហគ្រាសអាជីវកម្មជាង ៦០% ដែលកំពុងរកស៊ីនៅក្នុងវិស័យនេះនឹងត្រូវបិទទ្វារហើយ៕